ចិនអាចនឹងក្លាយជាប្រទេសដំបូងលើពិភពលោក បើកដំណើរការតាក់ស៊ីហោះ
ប៉េកាំង៖ ឆាប់ៗនេះ ចិនអាចនឹងក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលអនុញ្ញាតឱ្យតាក់ស៊ីហោះអាចធ្វើប្រតិបត្តិការបាន ដែលនេះជាផ្នែកមួយនៃផែនការរបស់ទីក្រុងប៉េកាំង ក្នុងការអភិវឌ្ឍនូវអ្វីដែលគេហៅថា “សេដ្ឋកិច្ចរយៈកម្ពស់ទាប”។
អស់ពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានខិតខំប្រឹងប្រែង ដើម្បីទទួលបានសេវាកម្មតាក់ស៊ីហោះអគ្គិសនី ដែលគេស្គាល់ថា (eVTOL)។ ក្រុមហ៊ុនផលិតជាច្រើននៅជុំវិញពិភពលោកជឿថា បច្ចេកវិទ្យានេះ គឺត្រៀមខ្លួនជាស្រេច សម្រាប់បម្រើសេវាកម្មតាក់ស៊ីហោះក្នុងរយៈចម្ងាយជិត ប៉ុន្តែពួកវាត្រូវការនិយតករពិភពលោកទទួលស្គាល់ថា មានសុវត្ថិភាព។
ទោះបីជាយ៉ាងណា នៅក្នុងទីក្រុង Shenzhen ដែលជាទីក្រុងបច្ចេកវិទ្យាដ៏ទំនើបរបស់ប្រទេសចិន ការដឹកជញ្ជូនអាហារដោយយន្តហោះដ្រូន និងសេវាតាក់ស៊ីហោះ បានក្លាយជាការពិតរួចទៅហើយ។ វិស័យនេះ បានចាក់បញ្ចូលប្រាក់ ១០៤ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិនកាលពីឆ្នាំមុន ហើយតួលេខនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង ២៧៥ពាន់លានដុល្លារនៅឆ្នាំ ២០៣០។
រដ្ឋាភិបាលថ្នាក់ជាតិក៏បាននឹងកំពុងផ្តល់ការគាំទ្រទៅលើវិស័យនេះផងដែរ ទាំងផ្នែកហិរញ្ញវត្ថុ និងគោលនយោបាយ ខណៈដែលខេត្តប្រហែល ២០របស់ប្រទេសចិន ត្រូវបានគេរាយការណ៍ថា នឹងដាក់បញ្ចូលឧស្សាហកម្មនេះទៅក្នុងផែនការរបស់ពួកគេសម្រាប់ឆ្នាំ២០២៤នេះ៕ ប្រភព៖ ABC ប្រែសម្រួលដោយ៖ ឈឹម ទីណា