រុស្ស៊ីជិតរកឃើញវ៉ាក់សាំងប្រឆាំងជំងឺមហារីកហើយ

មូស្គូ៖ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko ថ្មីៗនេះបាននិយាយថា ក្រុមអ្នកស្រាវជ្រាវរុស្ស៊ីកំពុងព្យាយាមបញ្ចប់ការសាកល្បងវ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីក ហើយរំពឹងថា នឹងទទួលបានលទ្ធផលដំបូងនៅចុងឆ្នាំ២០២៤នេះ។

មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីកនេះ បង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាត និងមីក្រូជីវសាស្ត្រ Gamaleya, មជ្ឈមណ្ឌលមហារីក Blokhin និងវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីក Hertsen។

រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បានប្រាប់សារព័ត៌មាន TASS ថា វ៉ាក់សាំងនេះ កំពុងស្ថិតក្រោមការសាកល្បងព្យាបាល ហើយយើងរំពឹងថា នឹងទទួលបានលទ្ធផលដំបូងនៅចុងឆ្នាំ២០២៤នេះ ហើយបន្ទាប់មកចាប់ផ្តើមការធ្វើតេស្តព្យាបាល។

នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Gazeta.ru កាលពីសប្តាហ៍មុន ប្រធានវិទ្យាស្ថាន Gamaleya លោក Aleksandr Gintsburg បានពណ៌នាអំពីវ៉ាក់សាំងថ្មីនេះថា វាគឺជាវ៉ាក់សាំងព្យាបាល ដែលនឹងត្រូវដាក់ឱ្យអ្នកដែលធ្វើរោគវិនិច្ឆ័យរកឃើញថា មានជំងឺមហារីករួចហើយ។

វាត្រូវបានបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យា mRNA ដែលត្រូវបានប្រើប្រាស់រួចហើយ ដោយក្រុមហ៊ុនផលិតថ្នាំ Pfizer និង Moderna សម្រាប់ការផលិតវ៉ាក់សាំងប្រឆាំងនឹង Covid-19។ លោក Gintsburg បន្ថែមថា វ៉ាក់សាំងថ្មីនេះ អាចប្រើដើម្បីព្យាបាលជំងឺមហារីកគ្រប់ប្រភេទ។

យោងតាមស្ថិតិបានបង្ហាញថា ជំងឺមហារីកគឺជាមូលហេតុមួយ ក្នុងចំណោមមូលហេតុចម្បងនៃការស្លាប់ទាំងនៅក្នុងប្រទេសរុស្ស៊ី និងនៅទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា ក្នុងឆ្នាំ ២០២២ មនុស្សប្រហែល ២០លាននាក់បានកើតជំងឺមហារីក និងមានអ្នកស្លាប់ចំនួន ៩.៧លាននាក់។

នៅក្នុងរបាយការណ៍ថ្មីៗនេះរបស់ខ្លួនកាលពីខែកុម្ភៈ ទីភ្នាក់ងារ WHO បានប៉ាន់ប្រមាណថា មនុស្សប្រហែលម្នាក់នាក់ក្នុងចំណោម៥នាក់នៅទូទាំងពិភពលោក បានកើតជំងឺមហារីកពេញមួយជីវិតរបស់ពួកគេ ខណៈដែលប្រហែលម្នាក់នាក់ក្នុងចំណោម៩នាក់ និងស្ត្រីម្នាក់ក្នុងចំណោម១២នាក់បានស្លាប់ដោយសារជំងឺនេះ។ ប្រទេសជាច្រើនលើពិភពលោកក៏កំពុងព្យាយាមសិក្សាស្រាវជ្រាវ ដើម្បីព្យាបាលជំងឺនេះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner