វៀតណាម៖ ទឹកជំនន់ និងការបាក់ដី ស្លាប់មនុស្សបីនាក់នៅភាគខាងជើង
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង កាលពីថ្ងៃចន្ទថា ទឹកជំនន់ និងការបាក់ដី នៅភាគខាងជើងប្រទេសវៀតណាម បានសម្លាប់មនុស្ស ៣នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ជាច្រើនថ្ងៃ ដែលបានធ្វើខូចខាតផ្ទះសម្បែង ជាច្រើនពាន់ខ្នង។ផ្លូវជាច្រើន បានរងការខូចខាត ថែមទាំងមានស្ពានមួយកន្លែងបាក់ទៀតផង។
ទឹកបានហូរចុះមកតាមផ្លូវដ៏ចោត នៃខេត្ត Ha Giang ដែលជាកន្លែងពេញនិយមសម្រាប់ដំណើរកម្សាន្ត ខណៈដែលយានយន្តបានក្រឡាប់ និងត្រូវបានទឹកជន់លិច។ អ្នកទេសចរបរទេស ប្រមាណ ៤០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ទឹកជំនន់។ ផ្លូវជាច្រើន បានរងការខូចខាត ថែមទាំងមានស្ពានមួយកន្លែងបាក់ទៀតផង។
ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ នៅក្នុងខេត្តមួយនេះ មានតាំងពីថ្ងៃសៅរ៍មក។ ប្រទេសវៀតណាមតែងតែទទួលរងនូវអាកាសធាតុអាក្រក់ ក្នុងរដូវវស្សា ចន្លោះខែមិថុនា ដល់ខែវិច្ឆិកា។ កាលពីឆ្នាំមុន គ្រោះមហន្តរាយធម្មជាតិ រួមទាំងទឹកជំនន់ និងការរអិលបាក់ដី បានបណ្តាលឲ្យមនុស្ស ១៦៩នាក់ស្លាប់ ឬបាត់ខ្លួន នៅប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍។
អ្នកវិទ្យាសាស្ត្របានព្រមានថា ព្រឹត្តិការណ៍អាកាសធាតុខ្លាំងក្លា នៅទូទាំងពិភពលោក កាន់តែមានសភាពធ្ងន់ធ្ងរ និងញឹកញាប់ ដោយសារការប្រែប្រួលអាកាសធាតុ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត