នេប៉ាល់ប្រើ Drone ចិន បម្រើសេវាកម្មឡើងភ្នំ Everest ខ្ពស់បំផុតក្នុងលោក

ចិនបានទទួលជោគជ័យ លើការបង្ហោះយន្តហោះគ្មានមនុស្សបើក ឬ Drone ដឹកសម្ភារៈបម្រើសេវាកម្មឡើងភ្នំ Everest ជាលើកដំបូង មិនធ្លាប់មាន។ ភ្នំ Everest ជាភ្នំខ្ពស់បំផុតក្នុងពិភពលោកដែលស្ថិតនៅ ប្រទេសនេប៉ាល់ ជាប់ព្រំដែនជាមួយប្រទេសចិន។

ដ្រូន FlyCart 30 ឬ ហៅម្យ៉ាងទៀតថា ដ្រូន Qomolangma របស់ក្រុមហ៊ុនរដ្ឋចិន DJI ផ្ទុកសម្ភារៈទម្ងន់ ១៥គីឡូក្រាម រួមមានទាំងឧបករណ៍សង្គ្រោះបន្ទាន់ និងសំរាម ជាដើម ត្រឹម១២នាទី ទៅមក ទាំងថ្ងៃ ទាំងយប់ ក្នុងពេលហោះលើរយៈកម្ពស់ ជាង ៦០០០ម៉ែត្រ។

ការសាកល្បង Drone ប្រភេទនេះ បានចាប់ផ្តើមធ្វើតាំងពីខែមេសា រហូតទទួលបានជោគជ័យ កាលពីសប្តាហ៍មុន។ នេះបើតាមប្រភពពីក្រុមហ៊ុន។

លោកស្រី Christina Zhang នាយកយុទ្ធសាស្ត្រសាជីវកម្មជាន់ខ្ពស់ ប្រចាំនៅក្រុមហ៊ុន DJI បាននិយាយថា «ជាមួយនឹងសមត្ថភាពក្នុងការដឹកជញ្ជូនកាកសំណល់ និងការផ្គត់ផ្គង់ ប្រកបដោយសុវត្ថិភាព វាមានសក្តានុពល ក្នុងបដិវត្តន៍ភស្តុភារ លើភ្នំ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសម្អាតសំរាម និងកែលម្អសុវត្ថិភាព សម្រាប់អ្នកពាក់ព័ន្ធទាំងអស់»។

មុនពេលមានគម្រោងបង្ហោះដ្រូននេះ ជាទូទៅ ការងារប្រមូលកាកសំណល់ និងដឹកសម្ភារៈដូចជា បំពង់អុកស៊ីហ្សែន ធុងហ្គាស តង់ អាហារ និងខ្សែពួរ នៅលើភ្នំ គឺជាការងារដ៏គ្រោះថ្នាក់ ដោយវាតម្រូវឱ្យមនុស្សឆ្លងកាត់ទឹកធ្លាក់ទឹកកក រហូតដល់ ៣០ដង ក្នុងមួយរដូវកាល៕

ប្រភព៖ AA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner