ឯកឧត្តម ណយ ផាណា ៖ ព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី៩ ទោះបីកម្ពុជាឈ្នះមេដាយសំរឹទ្ធ១គ្រឿងក៏វានៅតែជាមោទនភាពសម្រាប់ជាតិខ្មែរ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតកីឡាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៩ ដែលដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Senior Group (សម្ដែងក្រុមនារី) ដោយកីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង, ឌឹម អ៊នធីតា, ឈួន សុវណ្ណបញ្ញា និងកីឡាការិនី ម៉ូ ស្រីពៅ។

ឯកឧត្តម លើកឡើងថា ទោះបីការប្រកួតនេះ យើងទទួលបានមេដាយសំរឹទ្ធតែ ១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី៩ ក៏វានៅតែជាមោទនភាពសម្រាប់ជាតិខ្មែរ ពីព្រោះការចូលរួមលើកនេះ មានចំនួន ១៤ប្រទេស ដូចជាអូស្ដ្រាលី, កម្ពុជា, ឥណ្ឌូនេស៊ី, ឥណ្ឌា, ហុងកុង, អ៊ីរ៉ង់, ជប៉ុន, គីស៊ីស្ដង់, ម៉ុងហ្គោលី, កូរ៉េខាងត្បូង, ឆាយនីតៃប៉ិ, ហ្វីលីពីន, ថៃ និងម្ចាស់ផ្ទះវៀតណាម ដែលមានកីឡាករ-កីឡាការិនីចូលរួមសរុបចំនួនជាង៣០០នាក់ ។

ឯកឧត្តមអគ្គលេខាធិការបន្ដថា ជោគជ័យនេះ កើតឡើងដោយសារមានការយកចិត្តទុកដាក់ លើកទឹកចិត្ត និងជំរុញពីរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេសថ្នាក់ដឹកនាំសហព័ន្ធ ដែលមានឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ជាប្រធាន លោកឧកញា សុខ ហុង ជា អនុប្រធាន និងការប្ដេជ្ញាចិត្តរបស់ក្រុមការងារគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទើបក្រុមកីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជា មានឱកាសចូលរួមប្រកួតជើងឯកអាស៊ី និងទទួលបានសមិទ្ធផលល្អប្រសើរបែបនេះ ។

ជាមួយជោគជ័យឈ្នះមេដាយសំរឹទ្ធព្រឹត្តិការណ៍ជើងឯកអាសុីនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្ញើសារអបអរសាទរក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា ដែលដណ្ដើមបានមេដាយ ១គ្រឿង ពីការប្រកួតកីឡាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៩ (Aerobic Gymnastics Asian Championship 2024) នៅក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៦-១១ ខែមិថុនា ឆ្នាំ២០២៤ នេះ ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី អបអរសាទរ និងកោតសរសសើរដល់កីឡាករ-កីឡាការិនី នៃក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា ចំពោះការខិតខំប្រឹងប្រែងហ្វឹកហាត់ រហូតទទួលបានលទ្ធផលមួយដ៏ល្អប្រសើរ នៅក្នុងការប្រកួតកីឡាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៩ ដែលដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រួចសមត្ថភាព និងពង្រឹងគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ និងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ជាដើម ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ 9th Aerobic Gymnastics Asian Championship 2024 ដែលវៀតណាមធ្វើម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកចំនួន ១២នាក់ ទៅចូលរួមប្រកួត៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner