រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

កំពង់ធំ៖ លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ខណៈយុវជនជាកម្លាំងបន្តវេន និងជាធនធានមនុស្សយ៉ាងសំខាន់ សម្រាប់ការចូលរួមចំណែក ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿង ។

លោកជំទាវបណ្ឌិត ជា សិរី លើកឡើងដូច្នេះក្នុងពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពុងធំ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ។

លោកជំទាវបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ជាក់ស្តែងសម្តេចធិបតី បានផ្ដល់អនុសាសន៍គន្លឹះ ៤ចំណុច សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋរួមមាន៖ ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាព ចំណីអាហារនៅតាមសាលា, ទី៤៖ ការជំរុញ និងលើក ទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាលនិងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ ។

លោកជំទាវបណ្ឌិត ជា សិរី បានបន្ថែមថា ការអភិវឌ្ឍវិស័យអប់រំឱ្យបានរីកចម្រើនទៅមុខ គឺពឹងផ្អែកលើកត្តាសំខាន់ៗ ចំនួន២រួមមាន៖ ទី១៖ កត្តាហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានផ្លូវថ្នល់ សាលារៀន បណ្ណាល័យ បរិក្ខាសាលា និងសម្ភារសិក្សាជាដើម។ ទី២៖ កត្តាគុណភាពនៃការអប់រំសំដៅលើគុណភាពកម្មវិធីសិក្សា ការពង្រឹងវិន័យសិក្សា និងគ្រូបង្រៀន ដែលមានចំណេះដឹងខ្ពស់ផ្នែក ឯកទេស និងគរុកោសល្យក្នុងការបង្រៀន, ជាក់ស្តែងសមិទ្ធផលអគារសិក្សាថ្មីនេះ គឺបានបង្ហាញពីកត្តាហេដ្ឋារចនាសម្ព័ន្ធនេះតែម្តង។

សូមបញ្ជាក់ថា អគារសិក្សាមួយខ្នង មានកម្ពស់២ជាន់ ស្មើ ១២បន្ទប់ មានបំពាក់គ្រឿងបរិក្ខារតាមបន្ទប់នីមួយៗ, គាំទ្រឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ក្នុងការកសាងដោយធនាគារឯកទេស ខេប៊ី ដេហាន ម.ក, ក្នុងពិធីនេះដែរ ធនាគារជាតិនៃកម្ពុជា នឹងមានឧបត្ថម្ភវគ្គរៀនបំប៉នជូនសិស្សថ្នាក់ទី១២ នៅក្នុងស្រុកសន្ទុក និងផ្ដល់អាហារូបករណ៍ជូនសិស្សនិទ្ទេស A ឱ្យបានសិក្សានៅមណ្ឌលសិក្សាបច្ចេកទេសធនាគារផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner