មនុស្ស ១៣៥លាននាក់ស្លាប់មុនអាយុ ដោយសារការបំពុលបរិយាកាស

សង្ហិបុរី៖ សាកលវិទ្យាល័យសិង្ហបុរីបាននិយាយកាលពីថ្ងៃចន្ទថា ការបំពុលខ្យល់អាកាសបង្កើតឡើងដោយមនុស្ស និងប្រភពផ្សេងទៀតដូចជាភ្លើងឆេះព្រៃ បានផ្សារភ្ជាប់ទៅនឹងការស្លាប់មុនអាយុរបស់មនុស្សប្រហែល ១៣៥លាននាក់នៅទូទាំងពិភពលោកនៅចន្លោះឆ្នាំ ១៩៨០ និងឆ្នាំ ២០២០។

សាកលវិទ្យាល័យ Nanyang Technological University (NTU) របស់ប្រទេសសិង្ហបុរី បានបញ្ជាក់ថា បាតុភូតអាកាសធាតុដូចជា El Nino និង Dipole នៃមហាសមុទ្រឥណ្ឌា បានធ្វើឱ្យឥទ្ធិពលនៃសារធាតុពុលកាន់តែអាក្រក់ទៅៗ ធ្វើឱ្យការប្រមូលផ្តុំរបស់ពួកវានៅក្នុងខ្យល់កាន់តែខ្លាំង។

ភាគល្អិតតូចៗហៅថា “PM 2.5” គឺមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស នៅពេលស្រូបវាចូល ព្រោះវាតូចល្មមអាចចូលទៅក្នុងចរន្តឈាមបាន។ ពួកវាកើតមកពីការបំភាយយានយន្ត និងឧស្សាហកម្ម ព្រមទាំងប្រភពធម្មជាតិដូចជាភ្លើងឆេះព្រៃ និងព្យុះធូលី។ ការសិក្សានេះបានរកឃើញថា ការប្រែប្រួលអាកាសធាតុបានបង្កើនការស្លាប់ចំនួន ១៤ភាគរយ។

សាកលវិទ្យាល័យសង្ហិបុរីនេះបាននិយាយថា ទ្វីបអាស៊ីមានចំនួនខ្ពស់បំផុត នៃការស្លាប់មុនអាយុដែលបណ្តាលមកពីការបំពុល PM 2.5 រហូតដល់ជាង ៩៨លាននាក់ ដែលភាគច្រើននៅក្នុងប្រទេសចិន និងឥណ្ឌា។ ប៉ាគីស្ថាន បង់ក្លាដែស ឥណ្ឌូណេស៊ី និងជប៉ុនក៏មានចំនួនអ្នកស្លាប់មុនអាយុច្រើនផងដែរ ចាប់ពី ២ ទៅ ៥លាននាក់។

លោក Steve Yim សាស្ត្រាចារ្យរងនៅសាលាបរិស្ថានអាស៊ី នៃសាកលវិទ្យាល័យ NTU ដែលដឹកនាំការសិក្សានេះបាននិយាយថា ការរកឃើញរបស់យើងបង្ហាញថា ការផ្លាស់ប្តូរគំរូអាកាសធាតុអាចធ្វើឱ្យការបំពុលបរិយាកាសកាន់តែអាក្រក់ទៅៗ។ លោកបន្ថែមថា ការនេះបង្ហាញពីតម្រូវការក្នុងការគិតគូរ អំពីគំរូអាកាសធាតុទាំងនេះ នៅពេលដោះស្រាយការបំពុលបរិយាកាស ដើម្បីការពារសុខភាពរបស់ប្រជាជនទូទាំងពិភពលោក។

អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ការបំពុលខ្យល់ និងការបំពុលបរិយាកាសក្នុងគ្រួសារ បានផ្សារភ្ជាប់ជាមួយនឹងការស្លាប់មុនអាយុចំនួន ៦.៧លាននាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner