កាណាដាជួបវិបត្តិ កំណើនចោរលួចឡាន
អូតាវ៉ា: ជាប្រទេសអ្នកមាន ប៉ុន្តែ កាណាដា ជួបវិបត្តិដ៏ធំមួយដែលដោះស្រាយមិនទាន់ចេញ គឺ វិបត្តិចោរលួចឡាន។ ការិយាល័យធានារ៉ាប់រងនៃប្រទេសកាណាដាបានចាត់ទុកថាជា “វិបត្តិជាតិ” ខណៈដែល ករណីលួចឡានកើនឡើងយ៉ាងគំហុក ហើយកំពុងត្រូវបានដឹកជញ្ជូនឆ្លងកាត់កំពង់ផែដ៏មមាញឹកនៃទីក្រុង Montreal ទៅលក់នៅក្រៅប្រទេស។
ឡានរាប់ពាន់គ្រឿងត្រូវបានចោរលួចនៅក្នុងទីក្រុងធំៗ មានដូចជាទីក្រុងQuebec និង Ontario ដែលជាក្រុងមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសកាណាដាក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ឡានទាំងនោះភាគច្រើនត្រូវនាំចេញទៅកាន់ទ្វីបអាហ្រ្វិក អាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ាបន្ទាប់ពីក្រុមចោរលួចបាន។ ហើយមួយចំនួនត្រូវបានរកឃើញដោយប៉ូលីស ឬម្ចាស់ដែលប្រើឧបករណ៍ចាប់សញ្ញាតាមដាន ដែលបានបង្កប់នៅក្នុងឡានធ្វើដំណើរ ឬឡានដឹកទំនិញរបស់ពួកគេ។
យោងតាមតួលេខចុងក្រោយរបស់ប៉ូលីសបានបង្ហាញថា ទីក្រុងMontreal និងToronto គឺជាគោលដៅមានករណីលួចឡានច្រើនបំផុត។តួយ៉ាង នៅទីក្រុង Toronto ករណីលួចឡានលក្ខណៈគ្រួសារ និងឡានដឹកទំនិញធុនស្រាលនៅចន្លោះឆ្នាំ ២០២១ និង ២០២៣ បានកើនឡើងដល់ទៅ ១៥០ភាគរយ បើធៀបនឹងរយៈពេល៦ឆ្នាំកន្លងមកនេះ ប៉ុន្តែមិនមានរបាយការណ៍លំអិតពីចំនួនឡានដែលលួចទេ។
ក្នុងរយៈពេលដូចគ្នានេះដែរ ករណីលួចឡានបានកើនឡើង ៥៨ភាគរយនៅក្នុងទីក្រុង Quebec និង ៤៨ភាគរយនៅទីក្រុង Ontario។ ឡានភាគច្រើន ត្រូវបានចោរលួចនៅពេលយប់ ខណៈដែលម្ចាស់របស់ពួកវាកំពុងដេកលង់លក់ ហើយខ្លះទៀត ចោរប្លន់យកពីម្ចាស់ឡានតែម្តង។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុនធានារ៉ាប់រងបានបង់ប្រាក់សរុបចំនួន១.១ពាន់លានដុល្លារ នៅក្នុងការទាមទារសំណងពាក់ព័ន្ធនឹងឡានដែលត្រូវចោរលួចនៅក្នុងប្រទេសកាណាដា តួលេខនេះកើនឡើងដល់ទៅ២៥៤ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ ភាគច្រើននៃរថយន្តដែលត្រូវបានចោរលួច ដឹកជញ្ជូនឆ្លងកាត់កំពង់ផែនៃទីក្រុង Montreal៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា