ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសន្តិបណ្ឌិត នេត សាវឿន ចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី ៤

កំពង់ចាម៖ក្រុមប្រឹក្សាខេត្តកំពង់ចាម ចំនួន ២៧រូប អាណត្តិទី ៤ ត្រូវបានប្រកាសចូលកាន់តំណែងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាមក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំ អមដំណើរជាច្រើននាក់ទៀត ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងនាមជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ដែលបានជាប់ឆ្នោត ទោះបីជា ឯកឧត្តម លោកជំទាវ មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗ ពីគ្នា ក៏ពិតមែន ប៉ុន្តែ តាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាខេត្ត គឺជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាមទាំងមូល ។

ជាមួយនឹងការអបអរសាទរចំពោះក្រុមប្រឹក្សាខេត្តកំពង់ចាមអាណត្តិទី៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរដល់ខេត្តកំពង់ចាម ដែលបានអនុវត្តការងារទទួលបានជោគជ័យជាច្រើន នាពេលកន្លងទៅ ដោយក្រុមប្រឹក្សាខេត្ត បានសហការល្អ បំពេញការងារល្អ ជាមួយគណៈអភិបាលខេត្ត ក្រុង ស្រុក ទាំងអស់ ។ពោលគឺដំណើរការរួម ដោយពុំមានបញ្ហាអ្វីទាំងអស់ ។

ជាការកត់សម្គាល់របស់រាជរដ្ឋាភិបាល ឃើញថាខេត្តកំពង់ចាម រួមទាំងក្រុមប្រឹក្សា រួមទាំងគណៈអភិបាល ខេត្ត ក្រុង ស្រុក គឺបំពេញការងារ ទទួលបានជោគជ័យ ក្នុងការបម្រើប្រជាពលរដ្ឋ អំពីការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ទោះបីបទល្មើស ទោះបីគ្រោះថ្នាក់ចរាចរណ៍ ទោះបីបញ្ហាគ្រឿងញៀន នៅមានបញ្ហា ក៏ប៉ុន្តែ ដំណើរការរបស់យើង ធ្វើបានល្អ និងបានធ្វើឲ្យសភាពការទាំងអស់នោះ មានការថយចុះជាលំដាប់ ៕
ដោយ៖លី ពៅ

ads banner