ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៤
កំពង់ធំ៖ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនៅសាលប្រជុំសាលាខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសសជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាតំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ។
សូមជម្រាបថា ឯកឧត្តម ដៀប ពីរី មកពីគណបក្សប្រជាជនកម្ពុជាត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងសមាជិកក្រុមក្រុមប្រឹក្សាខេត្តចំនួន២៤រូប។ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានអបអរសាទរចំពោះបេក្ខជនក្រុមប្រឹក្សាខេត្ត ទាំងអស់ មកពីគ្រប់គណបក្សនយោបាយ ដែលទទួលបានសំឡេងគាំទ្រពីអង្គបោះឆ្នោត នឹងចូលកាន់តំណែងនាពេលនេះ។ ក្រុមប្រឹក្សាខេត្តដែលទើបជាប់ឆ្នោតថ្មី នឹងបន្តផ្តល់ការគាំទ្រដល់ការអនុវត្តការងាររបស់គណៈអភិបាល ក្នុងគោលបំណងរួមមួយគឺដើម្បីអភិវឌ្ឍខេត្តកំពង់ធំឱ្យទទួលបានការរីកចម្រើនលើគ្រប់វិស័យស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ដើម្បីឆ្លើយតបតាមត្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានក្រុមប្រឹក្សាខេត្ដកំពង់ធំ ត្រូវអនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួន។ក្នុងនេះ ១.ប្រធានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ត្រូវពិគ្រោះបែងចែកភារកិច្ចគ្នា ចុះធ្វើពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុង/ស្រុកទាំង០៩ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៨ មិថុនា។ ២.ប្រធានក្រុមប្រឹក្សាខេត្តធ្វើការប្រជុំសាមញ្ញលើកទី១ មិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពិធីចូលកាន់តំណែង។ ៣.ប្រធានក្រុមប្រឹក្សាខេត្តត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២របស់ខ្លួន មិនឱ្យមុន២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ឡើយនិង៤. សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់មានកាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល៕
ដោយ៖ប៊ុន រដ្ឋា