អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺពិតជាមានសារៈសំខាន់
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងថា ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសចិន បានតាំងចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដែលបង្កើតឡើងដោយក្រុមអគតិ ដើម្បីចូលរួមថែរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងការពារចំណងមិត្តភាពដែកថែប នៃប្រទេសទាំងពីរ គឺពិតជាមានសារៈសំខាន់ ក្នុងការរួមគ្នាលុបបំបាត់ប្រព័ន្ធផ្សព្វផ្សាយ ឬក៏ព័ត៌មានដែលមិនពិតដែលធ្វើឡើងក្នុងចេតនាញុះញង់ បំបែកបំបាក់សាមគ្គីភាព មិត្តភាព រវាងកម្ពុជា-ចិន។ កិច្ចសហប្រតិបត្តិការនេះ គឺដើម្បីធ្វើយ៉ាងណាបន្សាប ឬក៏ឈានទៅដល់ការលុបបំបាត់ទាំងស្រុងនូវព័ត៌មានមិនពិត ក្នុងន័យចាក់រុកបំបែកបំបាក់សាមគ្គីភាព មិត្តភាព រវាងកម្ពុជា-ចិន ដើម្បីទៅនឹងផលប្រយោជន៍នៃប្រទេសនីមួយ គឺជាកត្តាចាំបាច់។
លោកបានបន្តថា កន្លងមកពួកក្រុមអ្នកអគតិ ក្រុមអ្នកជ្រុលនិយម តែងតែប្រើប្រាស់ទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ធ្វើជាប្រធានបទដើម្បីនិយាយអាក្រក់អំពីសមិទ្ធផលនៃការអភិវឌ្ឍ ឬក៏ការវិនិយោគទៅវិញ។ ពិភពលោកនេះ ប្រទេសណាក៏ដោយ សូម្បីតែប្រទេសមហាអំណាចក៏ត្រូវការទំនាក់ទំនងជាមួយចិន ដើម្បីកសាងខឿនសេដ្ឋកិច្ច វប្បធម៌ និងទំនាក់ទំនងអន្តរជាតិដែរ។ ក៏ប៉ុន្តែនៅពេលដែលគេឃើញថា ចិនមានទំនាក់ទំនងល្អជាមួយកម្ពុជា គេចិញ្ចឹមចិត្តច្រណែន ឈ្នានីស ហើយចង់បំបែកបំបាក់នៅចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដោយធ្វើនយោបាយបំបែកបំបាក់គ្រប់រូបភាពទាំងអស់នៅលើបណ្តាញសង្គម និងសារព័ត៌មានរបស់ពួកគេ។ នៅពេលដែលមានកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន នៃរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដើម្បីរួមគ្នាបន្សាបឥទ្ធិពលនៅព័ត៌មានបំបែកបំបាក់ ហើយដើម្បីឈានទៅដល់ការលុបបំបាត់ទាំងស្រុង នៃទម្រង់ព័ត៌មានមិនពិតទាំងអស់នេះ វាគឺជារឿងល្អប្រសើរសម្រាប់ធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន រិតតែរឹងមាំថែមទៀត ហើយរឹតតែស្គាល់ច្បាស់អ្វីដែលជាសត្រូវរួមរបស់កម្ពុជា-ចិន។
សូមជម្រាបថា ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសចិន បានតាំងចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដែលបង្កើតឡើងដោយក្រុមអគតិ ដើម្បីចូលរួមថែរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងការពារចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ។ ការតាំងចិត្តនេះធ្វើឡើងនៅអំឡុងពេលនៃជំនួបរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនខេត្តយូណាន ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន៕
ដោយ៖ពលជ័យ