ធ្លាក់យន្តហោះស្លាប់អនុប្រធានាធិបតី ម៉ាឡាវី

បរទេស៖ ប្រធានាធិបតីនៃប្រទេសម៉ាឡាវី លោក Lazarus Chakwera កាលពីថ្ងៃអង្គារ បានប្រកាសពីការស្លាប់អនុប្រធានាធិបតី Saulos Chilima ជាមួយនឹងអ្នកដំណើរផ្សេងៗទៀត ក្នុងហេតុការណ៍ធ្លាក់យន្តហោះ។

ប្រធានាធិបតីនៃប្រទេសស្ថិតនៅភាគអាគ្នេយ៍នៃប្លុកអាហ្រ្វិក រូបនេះ បានថ្លែងថា «ពុំមាននរណាម្នាក់ មានជីវិតនោះឡើយ ហើយវាគឺជាសោកនាដកម្មដ៏គួរឱ្យភ័យខ្លាចជាទីបំផុត»។

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីក្រុមអ្នករុករក បានរកឃើញបំណែកយន្តហោះ នៅក្នុងព្រៃអ័ព្ទ ពោលគឺបន្ទាប់ចំណាយពេលអស់ជាច្រើនម៉ោង ស្វែងរកយន្តហោះបាត់ចេញពីរ៉ាដា ដែលផ្ទុកលោកអនុប្រធានាធិបតី និង មនុស្សចំនួន៩នាក់ផ្សេងទៀត។

ក្នុងចំណោមមនុស្សលើយន្តហោះ ក៏រួមមានទាំង អតីតជំទាវទី១ របស់ប្រទេសម៉ាឡាវី គឺលោកស្រី Shanil Dzimbiri ទៀតផង។ យន្តហោះបានចេញដំណើរពីរដ្ឋធានី Lilongwe នៅម៉ោង ៩៖០០នាទីព្រឹកថ្ងៃចន្ទ។ ដំបូងឡើយ យន្ដហោះនេះគ្រោងនឹងចុះចត នៅឯអាកាសយានដ្ឋាន Mzuzu ប៉ុន្តែដោយសារកត្តាអាកាសធាតុមិនអំណោយផល អាជ្ញាធរអាកាសចរណ៍បានបញ្ជាឱ្យយន្តហោះវិលត្រឡប់មកចុះចតនៅកន្លែងផ្សេងវិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner