ឯកឧត្តម គង់ ភោគ៖ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងនយោបាយការបរទេសលើឆាកពិភពលោក

ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នយោបាយការបរទេសកម្ពុជាបន្តជំរុញតួនាទីរបស់កម្ពុជានៅក្នុងអង្គការតំបន់ ពិសេសអាស៊ាន ដើម្បីធានាបានថា កម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្ម ដើម្បីជំរុញប្រយោជន៏ស្នូលរបស់ជាតិ។ កម្ពុជាក៏បានចូលរួមយ៉ាងសកម្មផងដែរនៅក្នុងនយោបាយការបរទេសលើឆាកពិភពលោក។ ការបញ្ជាក់នេះ ក្នុងវេទិកាពិភាក្សាលើប្រធានបទ “គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន” នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ វេទិកានេះ រៀបចំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្លិបអ្នកកាសែតកម្ពុជា។

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ពុយ គា ប្រធានក្លិបអ្នកការសែតកម្ពុជា អញ្ជើញដឹកនាំវេទិកាពិភាក្សាលើប្រធានបទ “គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន” ដោយមានការចូលរួមពីអ្នកសារព័ត៌មាន មកពីស្ថាប័ននានា។

ឯកឧត្តម គង់ ភោគ បានបញ្ជាក់ថា គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា រក្សាសង្គតភាព និងជំរុញបន្ថែមទៀតរាល់សកម្មភាពនូវរាល់ការងារអាទិភាព នៃនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល។ ការងារអាទិភាពមួយចំនួនដែលផ្តោតសំខាន់សំរាប់ការងារនយោបាយការបរទេស និងសម្រាប់អាណត្តិរាជរដ្ឋាភិ បាលបន្តបន្ទាប់ទៀត ដែលជាការងារត្រូវអនុវត្តជាទៀងទាត់ដោយផ្អែកលើស្ថានភាពជាក៎ស្តែងក្នុងតំបន់ ពិភពលោក ជារួមមាន ៖ ការបន្តជំរុញពង្រឹងទំនាក់ទំនងជាមួយដៃគូនានា លើពិភពលោក។ មានការដំឡើងកម្រិតដៃគូ មួយចំនួនទៅជាប្រទេសជប៉ុន ថៃ ហើយថ្មីៗនេះកម្ពុជាបានដំឡើងប្រទេសកូរ៉េខាងត្បូងជាដៃគូយុទ្ធសាស្ត្រ។ រាជរដ្ឋាភិបាលបានដំឡើងកម្រិតភាពជាដៃគូកាន់តែស៊ីជម្រៅក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ដើម្បីបំរើដល់ប្រយោជន៏ស្នូករបស់កម្ពុជាដូច ដែលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងហើយ គឺរក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មីរបស់យើង។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបន្តលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាមិត្តភូមិផងរបង ជាមួយដើម្បីរក្សាសន្តិសុខ ស្ថេរភាពតាមបន្ទាត់ព្រំដែននិងចូលរួម លើកកម្ពស់សេដ្ឋកិច្ចលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ រស់នៅតាមបណ្តោយព្រំដែន៕
ដោយ៖ពលជ័យ

ads banner