សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាមូលដ្ឋានដ៏ចាំបាច់បំផុត

ភ្នំពេញ៖ ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចធិបតី បន្តថា ការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាព នៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System) ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការរៀបចំ និងការដាក់ឱ្យអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើ៖ (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព, (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង (៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងរយៈពេល ៩ខែមកនេះ និងបានគូសបញ្ជាក់លើចំណុចសំខាន់ៗ ដែលរួមមាន ៖ (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើ ត្រូវអនុវត្តបន្តតាមអភិក្រម «រើសឱ្យចំ ប្រើឱ្យត្រូវ រក្សាឱ្យនៅ» (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងធ្វើឱ្យបានសម្រេចលើការងារនេះឱ្យបានតាមគោលដៅ គឺ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ និង (៣) ក្រសួងមុខងារសាធារណៈត្រូវជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មនេះឱ្យបានសមស្រប និងទាន់ពេល។

នៅក្នុងកិច្ចប្រជុំនេះដែរ សម្តេចធិបតី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។

សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍បន្ថែមមួយចំនួនសម្រាប់ជាទិសដៅការងារដែលត្រូវអនុវត្តបន្តរបស់ គ.វ.រ. ដូចខាងក្រោម៖

(១) ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋានរបស់ គ.វ.រ. ត្រូវបន្តដឹកនាំ និងសម្របសម្រួលការងារអនុវត្តផែនការសកម្មភាពវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការចូលរួមសហការ និងគាំទ្រពីគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

(២) ត្រូវបន្តរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការសម្រាប់ផែនការក្របខណ្ឌដែលបានអនុម័តក្នុងឆ្នាំ២០២៣ និង ផ្អែកលើគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ដោយត្រូវរៀបចំឱ្យមានផែនការប្រឡងប្រជែងជ្រើសរើស និងអនុវត្តទៅតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីខែកុម្ភៈឆ្នាំ២០២៤កន្លងមក។

(៣) ត្រូវជំរុញក្នុងការរៀបចំក្របខណ្ឌគតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រងមន្រ្តីបច្ចេកទេសសុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀង) ឱ្យបានរួចរាល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ដើម្បីមានមូលដ្ឋានក្នុងការជ្រើសរើស នាពេលខាងមុខ ហើយក៏ជាមូលដ្ឋានសម្រាប់ការគិតគូរៀបចំក្របខណ្ឌគតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រងមន្រ្តីបច្ចេកទេសក្នុងវិស័យ អប់រំ និងក្នុងវិស័យគន្លឹះដទៃផ្សេងទៀត។
(៤) ត្រូវបន្តកិច្ចការពិនិត្យឡើងវិញ, ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ក៏ដូចជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីក្រសួង-ស្ថាប័ន និងមន្រ្តីថ្នាក់មូលដ្ឋានសម្រាប់វិស័យ អប់រំ និងវិស័យសុខាភិបាល ដោយឈរលើអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យបានស្អាត ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner