លោក វ៉ាត់ ចំរើន៖ ជើងឯកគុនចម្រុះអាស៊ីលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ជាព្រឹត្តិការណ៍ធំមួយ គាំទ្រ និងលើកកម្ពស់យុទ្ធគុនខ្មែរ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា​និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាគុនចម្រះជើងឯកអាស៊ីលើកទី២ ពានរង្វាន់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ថៃ្ងទី១១ដល់ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ ប្រកួតដ៏ធំមួយគាំទ្រនិងលើកកម្ពស់យុទ្ធគុនខ្មែរផងដែរ។

ការថ្លែងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន និងពិធីសម្ពោធជាផ្លូវការ នៃការចុះឈ្មោះចូលជាសមាជិក VIP Sports និងការលក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី នៅទីស្នាក់ការ NOCC ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៤។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ការធ្វើម្ចាស់ផ្ទះ AMMA នេះ គឺយើងមានគោលការណ៍ច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់ ចំពោះអនាគតនៃក្បាច់គុនអត្តសញ្ញាណជាតិរបស់យើង។អញ្ចឹងការប្រកួតក្បាច់គុនចម្រុះនេះ បានចាត់ទុកជាការធ្វើទំនើបកម្មមួយ គឺយើងធ្វើយ៉ាងណាឲ្យក្បាច់គុនខ្មែររបស់យើង កាន់តែរីកចម្រើន ហើយចូលរួមជាមួយសភាពការ ឬភាពជឿនលឿន នៃការប្រកួតក្បាច់គុនលើពិភពលោក ។

អគ្គលេខាធិការ NOCC បន្ដថា ការរៀបចំជើងឯកយុទ្ធគុនចម្រុះអាស៊ីនេះ ផ្ដោតលើគោលដៅសំខាន់ៗចំនួន២គឺ ទី១-ដើម្បីជួយដល់កីឡាករ-កីឡាការិនី ឲ្យមានឱកាសចូលរួមប្រកួតកម្រិតខ្ពស់របស់យុទ្ធគុនចម្រុះពីព្រោះយុទ្ធគុនចម្រុះកម្រិតខ្ពស់នៅអាស៊ី គឺជាប្រទេសនៃប្រភពក្បាច់គុន ដូចជាចិន កូរ៉េ និងបណ្ដាប្រទេសមជ្ឈិមបូព៌ា ក្នុងនោះកម្ពុជា ជាប្រភពក្បាច់គុនដ៏ចំណាស់ក្នុងប្រវត្តិសាស្ត្រផងដែរ។ ដូច្នេះគោលបំណង នៃការប្រកួតនេះ ក៏ដើម្បីលើកតម្កើងក្បាច់គុនខ្មែរដែរ ។ ទី២-ការធ្វើសមាហរណកម្ម ដើម្បីជំរុញកីឡាករ-កីឡាការិនីកម្ពុជា ស្គាល់អ្វីទៅជាការប្រកួតយុទ្ធគុនចម្រុះលក្ខណៈកីឡា ដែលមានបទបញ្ជា ក្រឹតក្រម និងវិន័យច្បាស់លាស់ក្នុងចលនាកីឡាអន្ដរជាតិ មិនមែនជាប្រកួតប្រជែងគ្នាដណ្ដើមលាភសក្ដារៈទេ តែជាការប្រកួតប្រជែងគ្នាយកពិន្ទុ និងកិត្តិយសជូនប្រទេសជាតិរៀងៗខ្លួន ស្របតាមបទបញ្ញាត្តិ និងគោលការណ៍សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី(AMMA) ដែលកំពុងរុញយុទ្ធគុនចម្រុះចូលក្នុងកម្រិតកីឡាអូឡាំពិកនាថ្ងៃអនាគតផងដែរ ។

ឯកឧត្តម ក៏បានពន្យល់បន្ថែមថា ការប្រកួតនៅកម្ពុជានេះ គឺជាការប្រកួតដើម្បីជំរុញការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ខណៈកីឡាអាស៊ី ឆ្នាំ២០២៦ នៅជប៉ុន នឹងបញ្ជូលកីឡា AMMA ក្នុងកម្រិតអាស៊ី ហើយ AMMA នឹងឡើងទៅមួយកម្រិតទៀត ក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក នាឆ្នាំ២០២៨ ។ ដូច្នេះនេះគឺជាំគោលបំណងរបស់កម្ពុជា ដើម្បីសមាហរណកម្មកីឡាករ-កីឡាការិនីគុនចម្រុះ នៃក្បាច់គុនបុរាណខ្មែរទៅលើឆាកអន្តរជាតិផ្លូវការ។

នេះជាគោលបំណងធំរបស់យើងក្នុងការរៀបចំឲ្យមានការប្រកួតនេះឡើង។
គិតត្រឹមថ្ងៃទី១២ ខែមិថុនានេះ មាន ១៧ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា ខណៈរំពឹងទុកទម្រាំដល់ថ្ងៃបិទចុះឈ្មោះអាចនឹងកើនដល់ជាង ២០ប្រទេស ។ សម្រាប់ម្ចាស់ផ្ទះកម្ពុជា បានត្រៀមកីឡាករ-កីឡាការិនី ១៦រូបរួចរាល់ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ពាក់ព័ន្ធនឹងការចូលរួមទស្សនា​ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ីនេះដែរ ក្នុងនាមដៃគូសហការ លោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន VIP Sports ថា នឹងមានដាក់លក់សំបុត្រតាមអនឡាញ លើគេហរទំព័រ VIP Sports ផ្ទាល់ ។

ការដាក់លក់សំបុត្រនេះ គឺដើម្បីរក្សាបាននូវគុនតម្លៃកីឡា ពិសេសប្រភេទកីឡាក្បាច់​គុន​បុរាណខ្មែរ ហើយក៏ដើម្បីផ្ដល់ភាពងាយស្រួលដល់ទស្សនិកជន ដែលចង់ជាវចូល​ទស្សនាផងដែរ ដើម្បីចៀងវាងនូវការបន្លំផ្សេងៗ។ ព្រឹត្តិការណ៍នេះ សហការរៀបចំ​ដោយ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី​(AMMA), សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងក្រុមហ៊ុន VIP Sports៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner