ព្រៃលិចទឹកជាង ១០ហិកតា នៅសៀមរាប រងការឆាបឆេះ (Video Inside)
ព្រៃលិចទឹកប្រមាណជាង ១០ហិកតា នៅខេត្តសៀមរាប ត្រូវបានភ្លើងឆាបឆេះ ជាមួយការសង្ស័យថា អាចបណ្តាលមកពីពលរដ្ឋរកឃ្មុំ ហើយធ្វេសប្រហែស។
ហេតុការណ៍នេះ បានកើតឡើងនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចត្រពាំងហ៊ីងយំ ស្ថិតនៅខាងជើងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក នៃស្រុកប្រាសាទបាគង។
សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បានថ្លែងនៅថ្ងៃទី១២មិថុនាថា ព្រៃលិចទឹកទំហំ ១០ហិកតា ត្រូវបានភ្លើងឆាបឆេះចាប់តាំងពីរសៀល។ រហូតដល់ម៉ោងជាង១០កន្លះយប់ថ្ងៃដដែល ក្រោមការជួយធ្វើអន្តរាគមន៍ ពីអាជ្ញាធរ ភ្លើងបានរលត់អស់វិញប្រមាណ ៨០ភាគរយ ដោយសារតែការពន្លត់មានភាពលំបាក ពីព្រោះព្រៃក្រាស់ និងមិនមានច្រកផ្លូវចូល ដើម្បីអាចរថយន្តពន្លត់អគ្គិភ័យ ចូលទៅដល់កន្លែងឆេះ។
សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ការឆេះនេះអាចបណ្តាលមកពីពលរដ្ឋរកឃ្មុំ ដោយការប្រើភ្លើងមិនបានប្រុងប្រយ័ត្ន។ មិនមានមនុស្សរងគ្រោះថ្នាក់ ក្នុងហេតុការណ៍នោះឡើយ។