អែលសាល់វ៉ាឌ័រ ផ្ទេរឧក្រិដ្ឋជន២ពាន់នាក់ ទៅនៅក្នុងគុកធំ តែមួយ
បរទេស៖ ប្រទេស អែលសាល់វ៉ាឌ័រ បានសម្រេចផ្ទេរជនសង្ស័យ ជាក្មេងទំនើង ឬក្រុមឧក្រិដ្ឋជន ចំនួនជាង២ពាន់នាក់ ឲ្យទៅនៅក្នុងគុកធំតែមួយ រួមគ្នា នេះបើតាមការប្រកាសរបស់លោក ប្រធានាធិបតី Nayib Bukele។
ក្រុមក្មេងទំនើង ដែលប្រទេសនេះនិយមហៅថា ពួក «Pandilleros» ត្រូវបានផ្ទេរចេញពីពន្ធនាគារ ផ្សេងៗគ្នា នៅទូទាំងប្រទេស ទៅកាន់គុកធំ ស្ថិតក្នុងមជ្ឈមណ្ឌលបង្ខាំងភេរវករ ហៅកាត់ Cecot ដែលមានទីតាំង ស្ថិតនៅក្នុងទីក្រុង Tecoluca ។
លោក ប្រធានាធិបតី Nayib Bukele បាននិយាយថា គុករួមគ្នានេះ មានសមត្ថភាពផ្ទុកមនុស្ស ជាង៤ម៉ឺននាក់ ដោយលោកបានអះអាងថា វានឹងក្លាយជាពន្ធនាគារដ៏ធំបំផុត នៅតំបន់អាមេរិក ហើយវានឹងបម្រើជានិមិត្តរូបនៃការប្រយុទ្ធ ប្រឆាំងនឹងក្រុមក្មេងទំនើង របស់ប្រទេស អែលសាល់វ៉ាឌ័រ។
ក្នុងរយៈពេល២០ខែចុងក្រោយមកនេះ អាជ្ញាធរប្រទេសនេះ បានចាប់ខ្លួនមនុស្ស ជាង៧ម៉ឺននាក់ ក្នុងយុទ្ធនាការលុបបំបាត់ឧក្រិដ្ឋកម្ម នៅតាមផ្លូវ។ ឧក្រិដ្ឋកម្ម មានដូចជា ការជួញដូរផ្លូវភេទ, គ្រឿងញៀន, ការចាប់ជំរិត និង ការលាងលុយកខ្វក់ ជាដើម។
យ៉ាងណាមិញ របាយការណ៍របស់អង្គការសិទ្ធិមនុស្ស Cristosal បានរកឃើញថា អ្នកទោស ជាង១៧០នាក់ត្រូវបានគេធ្វើទារុណកម្ម ឬសម្លាប់ នៅក្នុងអំពើហិង្សាដ៏គួរឱ្យរន្ធត់ ក្នុងឆ្នាំនេះ ពោលគឺចាប់តាំងពីប្រធានាធិបតី Nayib Bukele បានចាប់ផ្តើមយុទ្ធនាការ ដោយគ្មានមេត្តា។ ក្រុមសិទ្ធិមនុស្សបានប្រៀបធៀប លក្ខខណ្ឌក្នុងពន្ធនាគារថា ស្រដៀងនឹងជំរុំប្រមូលផ្តុំ ដែលធ្លាប់ត្រូវបានអនុវត្តដោយ ហ៊ីត្លែរ និង ពួកណាស៊ី នេះបើតាម Dailymail៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត