លោក Elon Musk គំរាមហាមបុគ្គលិកខ្លួនប្រើទូរស័ព្ទ iPhones
វ៉ាស៊ីនតោន: មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានគំរាមហាមឃាត់បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់គាត់ ប្រើប្រាស់ឧបករណ៍របស់ Apple ប្រសិនបើក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នេះ បញ្ចូលកម្មវិធី AI របស់ក្រុមហ៊ុន OpenAI ទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។
ការអះអាងបែបនេះរបស់លោក Musk កើតឡើងបន្ទាប់ពីសន្និសីទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោកប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple កាលពីថ្ងៃចន្ទ ដែលខ្លួនបានប្រកាសពីភាពជាដៃគូជាមួយ OpenAI ដែលតាមរយៈនោះ ChatGPT នឹងត្រូវធ្វើជាជំនួយការឌីជីថលរបស់មុខងារ Siri។
លោក Musk បានព្រមានយ៉ាងដូច្នេះថា ប្រសិនបើ Apple រួមបញ្ចូល OpenAI នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS នោះ ឧបករណ៍នានារបស់ Apple នឹងត្រូវហាមឃាត់នៅក្រុមហ៊ុនរបស់ខ្ញុំ។ លោក Musk បានចាត់ទុករឿងនេះថា ជាការរំលោភសន្តិសុខដែលមិនអាចទទួលយកបាន។
គាត់បានសរសេរនៅលើ X នៅថ្ងៃច័ន្ទថា “វាជារឿងមិនសមហេតុផលទេដែល Apple មិនឆ្លាតគ្រប់គ្រាន់ក្នុងការបង្កើត AI ផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែវាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាថា OpenAI នឹងការពារសុវត្ថិភាព និងឯកជនភាពរបស់អ្នក” ។
ក្រុមហ៊ុន Apple បាននិយាយថា ChatGPT ដែលនឹងក្លាយជាជំនួយការមុខងារ Siri នឹងអាចប្រើប្រាស់បានដោយឥតគិតថ្លៃនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 18 និង macOS Sequoia នៅចុងឆ្នាំ២០២៤នេះ។
ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នេះ ក៏បានប្រកាសពីការដាក់ឱ្យដំណើរការ AI របស់ខ្លួន ដែលត្រូវបានគេស្គាល់ថា Apple Intelligence ដែលនឹងត្រូវដាក់បង្ហាញក្នុងពេលឆាប់ៗនេះ។
ក្រុមហ៊ុន Apple បានសង្កត់ធ្ងន់ថា ទិន្នន័យអ្នកប្រើប្រាស់នឹងមានសុវត្ថិភាពជាងមុន ហើយថា AI របស់ខ្លួនបង្កើតឡើង ជាមួយនឹងភាពឯកជនជាមូលដ្ឋានចម្បង៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា