ជំងឺគ្រុនឈាម និងជំងឺឆ្លងពីមូសខ្លាផ្ទុះឡើងខ្លាំងនៅអឺរ៉ុប

ស្តុកខុល៖ ទីភ្នាក់ងារសុខភាពរបស់សហភាពអឺរ៉ុបបានព្រមានកាលពីថ្ងៃអង្គារថា ករណីកើតជំងឺគ្រុនឈាម និងជំងឺបង្កពីមូសខ្លាផ្សេងទៀត កំពុងកើនឡើងខ្លាំងនៅក្នុងទ្វីបអឺរ៉ុប ដោយសារការប្រែប្រួលអាកាសធាតុ បានបង្កើតលក្ខខណ្ឌអំណោយផលដល់ការរាតត្បាតនៃសត្វមូស។

នៅឆ្នាំ ២០២៣ ករណីកើតជំងឺគ្រុនឈាមរហូតដល់ ១៣០ករណី ត្រូវបានរាយការណ៍នៅក្នុងតំបន់ ដែលរួមមានសហភាពអឺរ៉ុប (EU) បូករួមនឹងអ៊ីស្លង់ លីចតេនស្ទីន និងន័រវេស (EEA) តួលេខនេះកើនឡើងស្ទើរទ្វេដង បើធៀបនឹងឆ្នាំ ២០២២ មានត្រឹមតែ ៧១ករណី។

មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) មានមូលដ្ឋាននៅទីក្រុងស្តុកខុល បាននិយាយថា តួលេខខាងលើនេះ គឺជាការកើនឡើងគួរឱ្យកត់សម្គាល់ នៅចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០២១ ជាពេលដែលចំនួនអ្នកជំងឺគ្រុនឈាម មានត្រឹមតែ ៧៣ករណីប៉ុណ្ណោះ។

ករណីនាំចូលក៏មានការកើនឡើងផងដែរ ដោយមានចំនួន ១,៥៧២ករណីក្នុងឆ្នាំ ២០២២ និង ៤,៩០០ករណីក្នុងឆ្នាំ ២០២៣ ដែលនេះជាចំនួនខ្ពស់បំផុត ចាប់តាំងពីការចាប់ផ្តើមការត្រួតពិនិត្យរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ ២០០៨។

ទីភ្នាក់ងារ ECDC បានណែនាំថា ការបង្កើតវិធានការសម្របសម្រួល មានដូចជាដេកដាក់មុង, ប្រើថ្នាំសម្លាប់សត្វល្អិត និងការបាញ់ថ្នាំសម្លាប់មូសក្នុងផ្ទះ គឺមានសារៈសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដែលបណ្តាលមកពីសត្វមូស បូករួមទាំងការបង្កើនការការពារផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យមូសខាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner