អាមេរិក និងអាល្លឺម៉ង់គ្រោងបញ្ជូនប្រព័ន្ធការពារមីស៊ីលថ្មីទៅអ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ដោយដកស្រង់សំដីមន្ត្រីរដ្ឋបាល និងយោធាដែលមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធខែលការពារដែនអាកាស ប៉ាទ្រីយ៉ូត មួយគ្រឿងទៀតទៅអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារមបានបន្តអំពាវឱ្យមានការផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត។ ថ្មីៗនេះ លោក ហ្សេលេនស្គី ក៏បានទទូចសុំប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត ប៉ុន្មានគ្រឿងបន្ថែមទៀត ដោយក្នុងនោះ២គ្រឿង យកទៅការពារតំបន់ Kharkiv ភាគខាងកើត ជាទីដែលរុស្ស៉ីកំពុងបើកការវាយប្រហារជាថ្មី ចចាប់តាំងតែពីខែឧសភា។
កាសែត New York Times បានរាយការណ៍ថា ប្រព័ន្ធ ប៉ាទ្រីយ៉ូត មួយគ្រឿងថ្មី ដែលអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែន បច្ចុប្បន្នកំពុងដាក់ពង្រាយនៅប៉ូឡូញ ដើម្បីការពារកម្លាំងឆ្លាស់វេនអាមេរិក ដែលនឹងត្រូវត្រឡប់មកកាន់សហរដ្ឋអាមេរិក។ វានឹងក្លាយជាប្រព័ន្ធ ប៉ាទ្រីយ៉ូត គ្រឿងទី២ ដែលទីក្រុងវ៉ាស៉ីនតោនបញ្ជូនទៅអ៊ុយក្រែន។
អំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ហ្សេលេនស្គី កាលពីថ្ងៃអង្គារ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ក៏បានអំពាវនាវឱ្យសម្ព័ន្ធមិត្តលោកខាងលិច បន្តប្រឹងប្រែងជួយ ពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន តាមតែអាចធ្វើទៅបានផងដែរ។ បច្ចុប្បន្នអាល្លឺម៉ង់បានចូលរួមចំណែកផ្តល់ប្រព័ន្ធមប៉ាទ្រីយ៉ូតសរុបចំនួន ៣គ្រឿងហើយឱ្យអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា