រដ្ឋមន្ត្រី ទេសចរណ៍កម្ពុជា និង អភិបាលខេត្តស្វយ័ត ជេជូ កូរ៉េ ពិភាក្សា កិច្ចសហប្រតិបត្តិការ លើកកម្ពស់វិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម OH YOUNG HUN អភិបាលខេត្តស្វយ័តពិសេស Jeju នៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព សក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ តាមរយៈការជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើនថែមទៀត ។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារ និងលើកស្ទួយឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ និង បានថ្លែងអំណរគុណ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រាប់ការបន្តនិងពង្រឹងទំនាក់ទំនងទ្វេភាគីបានយ៉ាងល្អប្រសើរ ចាប់តាំងពីការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងការបង្កើតទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ ដែលបានផ្តួចផ្តើមគំនិតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា កម្ពុជា រហូតមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ពីកម្រិតធម្មតាទៅកម្រិតភាពជាដៃគូយុទ្ធសាស្រ្ត មានន័យថា ទំនាក់ទំនងលើគ្រប់វិស័យទាំងអស់រួមទាំងវិស័យការងារ និងទេសចរណ៍នៃប្រទេសទាំងពីរផង កាន់តែពង្រីក និងកាន់តែពង្រឹងឱ្យកាន់តែមានភាពស៊ីជម្រៅ ។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចអំពីសសរស្ដម្ភយុទ្ធសាស្រ្តទាំង៥ ហៅកាត់ថា «បង្កើន៥ ឬ BUILD» និងការងារអាទិភាពគាំទ្រចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣ ឬ 3Ds» ដើម្បីចូលរួមចំណែកបង្កើនកិច្ចសហការរវាងផ្នែករដ្ឋ និងឯកជន ប្រកបដោយភាពវិជ្ជមានក៏ដូចជាការលើកកម្ពស់ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ននៃទេសចរណ៍កម្ពុជា ។

ឯកឧត្តមអភិបាលខេត្ត Jeju បានលើកឡើងថា កោះ Jeju និងកម្ពុជាមានកត្តាដូចគ្នាច្រើន រួមមានប្រវត្តិសាស្ត្រ សម្បតិ្តធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ ដែលជាកត្តាជំរុញឱ្យមានការចុះអនុស្សរណៈរវាង ខេត្តសៀមរាប និងរាជធានីភ្នំពេញ ជាមួយកោះ Jeju។ ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តមអភិបាលខេត្តព្រមព្រៀងគ្នាឱ្យមានការសិក្សាអំពីសក្តានុពលក្នុងការជំរុញការហោះហើរត្រង់ រវាងកោះ Jeju និងខេត្តសៀមរាប-អង្គរ ។

ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរ វប្បធម៌ និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំ និងបង្កើនទំនុកចិត្តទៅវិញទៅមកឱ្យកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ ជាពិសេសជាមួយកោះ Jeju ៕

អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner