ពិធីអបអរសាទរខួប ១០ឆ្នាំ របស់ សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association-JCA)
ជប៉ុន៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេស ជប៉ុន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីជប់លៀងអបអរសាទរខួប ១០ឆ្នាំ របស់ សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association-JCA) ដែលបានប្រព្រឹត្តទៅនៅ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការចូលរួមពី ឯកឧត្តម Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា និងជាអតីតអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា អគ្គលេខា ធិការសមាគម តំណាងសមាគមនិស្សិតខ្មែរនៅជប៉ុន ព្រមទាំងគណៈនាយក ប្រធាន ក្រុមហ៊ុន និងសមាជិកនៃសមាគម ជប៉ុន-កម្ពុជា (JCA) សរុបប្រមាណជិត ៤០នាក់។
ក្នុងពិធីអបអបរសាទរខួប១០ឆ្នាំនេះ ឯកឧត្តម TAKAHASHI បានជម្រាបអំពីសមិទ្ធផលធំៗ របស់សមាគមដូចជា ការរៀបចំគណៈប្រតិភូ វិនិយោគជប៉ុនទៅកម្ពុជា ការរៀបចំសិក្ខា សាលាវិនិយោគ ការផ្តល់ជំនួយធំៗជូនដល់ រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលនៃជំនួប ពិភាក្សា ការងារជាមួយប្រមុខរដ្ឋកម្ពុជា និងថ្នាក់ ដឹកនាំនានានៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ រហូតឈានដល់ការបើកការិយាល័យតំណាងសមាគម JCA នៅកម្ពុជា កាលពីខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។
ជាមួយគ្នានេះ ឯកឧត្តម ប្រធាន សមាគម បានថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅដល់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ដែលជានិច្ចជាកាលតែង តែគាំទ្រ សហការ និងសម្របសម្រួលរាល់ការ ងារ ពាក់ព័ន្ធ តាមសំណើររបស់សមាគម JCA និងជាពិសេសបានផ្តល់ទីកន្លែងរៀបចំ និងសហការជួយរៀបចំពិធីអបអរសាទរខួប ១០ឆ្នាំ របស់សមាគមជប៉ុន-កម្ពុជានា ពេលនេះ។
ឯកឧត្តមប្រធានសមាគម បានបញ្ជាក់ទៀតថា សមាគម បានកំណត់ គោលដៅ សម្រេចឱ្យបាននូវលទ្ធផលម្តងមួយៗ ដែលជាវេទិកាសម្រាប់ភាពជាដៃគូសាធារណៈ និងឯកជន រវាងជប៉ុន និងកម្ពុជា ហើយចាប់ ផ្តើមពីឆ្នាំនេះ សមាគម មានផែនការបង្ហាញ សហគ្រាសធុនតូចនិងមធ្យមជប៉ុន (SMEs) ឱ្យបានដឹងអំពីធុរកិច្ចពាណិជ្ជកម្ម និងកាលា នុវត្តភាពវិនិយោគនានានៅកម្ពុជា តាមរយៈរដ្ឋាភិបាលក្នុងស្រុកនៅប្រទេសជប៉ុន។
ឯកឧត្តម ទុយ រី បានរំលឹកអំពី៖ (១)ទំនាក់ទំនងការទូតល្អ យូរអង្វែង រវាងកម្ពុជា-ជប៉ុន ដែលឈាន ទៅដល់កម្រិត “ភាពជាគូយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយ” ដែលបានឯកភាពគ្នាដោយ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ នាឆ្នាំ២០២៣ កន្លងទៅនេះ (២) សមិទ្ធផល ការងារ សំខាន់របស់ស្ថានឯកអគ្គរាជទូតកម្ពុជា និងទិសដៅការងារសំខាន់ៗបន្តទៀតជាមួយ រដ្ឋាភិបាលជប៉ុន ដើម្បីបន្តជំរុញកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យកាន់តែរីកចម្រើន ថែមទៀតតាមរយៈសកម្មភាពការទូតសេដ្ឋកិច្ច។
ឯកឧត្តម ឯកអគ្គរាជទូត បានជំរុញ និងលើក ទឹកចិត្តដល់អ្នកវិនិយោគជប៉ុនគ្រប់វិស័យ ឱ្យធ្វើ ការវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនឡើង ថែមទៀត ដើម្បីឆ្លុះបញ្ចាំងអំពីភាព ជាដៃ គូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនឹងគ្នាផង និងបង្កើនទំនាក់ទំនងប្រជាជន និងប្រជាជន (people to people relations) រវាងប្រជាជនកម្ពុជា-ជប៉ុនផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានវាយតម្លៃខ្ពស់ និងដោយមាន មោទនភាពចំពោះកិច្ចប្រឹងប្រែងរបស់សមាគម JCA និងសមិទ្ធផលធំៗ ដែលទទួលបានក្នុង រយៈពេល ១០ឆ្នាំមកនេះ និងជូនពរសមាគម JCA ឱ្យសម្រេចបាននូវលទ្ធផល ក៏ដូចជាសមិទ្ធ ផលថ្មីៗផ្សេងទៀតតាមការគ្រោងទុក ដែលជា ប្រយោជន៍ ដ៏សំខាន់បំផុតសម្រាប់ប្រទេស ទាំងពីរ ៕
ដោយ / គ្រី សម្បត្តិ