ក្រសួងជំនាញចង់ឃើញស្រុកចំនួនពីរនៃខេត្តបន្ទាយមានជ័យក្លាយជាតំបន់ប្រពលវប្បកម្មកសិកម្ម
បន្ទាយមានជ័យ៖ ខណៈគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ កំពុងដំណើរការហើយនឹងរួចរាល់ នៅពេលខាងមុខ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម បង្ហាញពីបំណងចង់ឃើញស្រុកចំនួនពីរនិងក្រុងចំនួននៃខេត្តនេះពិពិធកម្ម ខ្លួនមួយកម្រិតបន្ថែមទៀតលើវិស័យកសិកម្ម ដោយប្រើប្រាស់ធនធានទឹកដែលត្រូវបានកសាងនេះ។
ដើម្បីដោះស្រាយបញ្ហាទឹកសម្រាប់ការធ្វើកសិកម្ម និងបញ្ជៀសទឹកជំនន់ដែលតែងតែកើតឡើងជារឿយៗនៅស្រុកនិងក្រុងនៃខេត្តបន្ទាយមានជ័យ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តនៅក្រុងប៉ោយប៉ែត នៃស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ដែលជាក្រុង ស្រុកជាប់ប្រំដែនប្រទេសថៃ។
ក្នុងសប្ដាហ៍នេះឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងក្រុមបច្ចេកទេសសំណង់បានអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ។ នាឱកាសនេះឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាទន្ទឹមនឹងក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃជាច្រកទ្វារអន្តរជាតិដែលជាតំបន់សេដ្ឋកិច្ចផងនោះ នាពេលខាងមុខតំបន់នឹងទៅជាតំបន់ប្រពលវប្បកម្មខាងកសិកម្មបន្ទាប់ពីសាងសង់រួចរាល់នូវសំណង់ប្រព័ន្ធធារាសាស្ត្រនៅតំបន់ព្រំដែននេះ។
ឯកឧត្តម ប៉ុញ សច្ចៈ បានបន្តថា គម្រោងប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់នេះ ពេលធ្វើរួចរាល់មិនត្រឹមកាត់បន្ថយនូវការជន់លិចឬជំនន់ឆ្លងដែនប៉ុន្តែក៏បានផ្ដល់សក្ដានុពលឲ្យស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែតនឹងទៅជាតំបន់ប្រពលវប្បកម្មខាងកសិកម្ម ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ បានសាងសង់អាងស្តុកទឹក និងទំនប់ស្ទាក់ទឹកធំៗចំនួនបី។សំណង់នេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងធំធេងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាកសិករស្រុកម៉ាឡៃ ,ក្រុងប៉ោយប៉ែតនៃស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ទាំងវិស័យកសិកម្ម គមនាគមនាគមន៍ និងក៏ជាតំបន់ទេសចរណ៍ផងដែរ ទន្ទឹមនឹងជាច្រកទ្វារព្រំដែនអន្តរជាតិ៕
អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន