ប្រធានក្រុមបក្សមូលដ្ឋានឃុំវត្តតាមឹម រៀបចំកែលម្អស្នាក់ការគណបក្សឃុំឱ្យកាន់តែប្រសើរស័ក្តិសមជាបក្សដឹកនាំ
បាត់ដំបង៖ ប្រធានក្រុមគណៈពង្រឹងបក្សមូលដ្ឋាននៅឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង បានចំណាយថវិកាផ្ទាល់ខ្លួនកន្លះម៉ឺនដុល្លារដើម្បីរៀបចំកែលម្អទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំវត្តតាមឹមឱ្យកាន់តែប្រសើរឡើង។ខណៈដែលទីស្នាក់ការនេះមានសភាពខ្វះខាតច្រើន។
ឯកឧត្តម អ៊ុត ក្លឹង ប្រធានក្រុមគណៈពង្រឹងបក្សមូលដ្ឋានឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាម្ចាស់អំណោយបានអញ្ជើញពិនិត្យមើលពីវឌ្ឍនភាពនៃដំណើរការកសាងសមិទ្ធផលមួយចំនួននៅក្នុងបរិវេណទីស្នាក់បក្សឃុំខាងលើកាលពីពេលថ្មីៗនេះ។
ឯកឧត្តមប្រធានគណៈពង្រឹងបក្សមូលដ្ឋានឃុំវត្តតាមឹម បានប្រាប់ទូរទស្សន៍អប្សរាថាដោយសារហេដ្ឋារចនាសម្ព័ន្ធរូបវន្តស្នាក់ការនេះមានភាពចាំបាច់តម្រូវឲ្យមានការរៀបចំឲ្យប្រសើរបន្ថែមទៀត ដូចជា ចាក់ដីទីធ្លាស្នាក់ការ ធ្វើរបងឥដ្ឋជុំវិញ ការរៀបចំបន្ទប់ទឹកនិងបង្គន់អនាម័យថ្មី។ឯកឧត្តមបានកំណត់ឱ្យសាងសង់ឃ្លាំងមួយសម្រាប់ទុកដាក់សម្ភារៈស្នាក់ការឱ្យបានគង់វង់ចៀសវាងការបាត់បង់។
ឯកឧត្តម អ៊ុត ក្លឹង បន្ថែមថា អគារស្នាក់ការបក្សឃុំក៏ត្រូវរៀបចំកែលម្អឱ្យកាន់តែមានសោភ័ណភាព៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )