អភិបាលខេត្តកំពត៖ មន្ត្រីមានឋានៈតួនាទីសូមប្រុងប្រយ័ត្នរាល់ឥរិយាបថ និងសកម្មភាព
កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា តួនាទីដែលមន្ត្រីទទួល គឺជាអំរែក ហើយតួនាទីដែលបានមកនាពេលនេះ គឺកើតឡើងដោយសារការស្រឡាញ់ពេញចិត្តតាមរយៈសន្លឹកឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ។ដូច្នេះក្រុមប្រឹក្សាស្រុកដែលទើបតែងតាំងថ្មី ក៏ដូចជាអាជ្ញាធរស្រុក ត្រូវតែប្រើប្រាស់តួនាទីភារកិច្ចនេះឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជាម្ចាស់សន្លឹកឆ្នោតវិញ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាស្រុកកំពង់ត្រាច និងស្រុកទឹកឈូអាណត្តិទី៤ កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៤។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ក្នុងពិធីនេះទៀតថា មន្ត្រីដែលមានឋានៈ តួនាទី ឬមន្ត្រីជាប្រធាន ត្រូវធ្វើជាគំរូល្អ ដល់កូនចៅ និងប្រជាពលរដ្ឋ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសម្តីសំដៅ ចរិក ឫកពា រាល់ឥរិយាបថ និងសកម្មភាព ការងារប្រាស្រ័យទាក់ទង ក្នុងការបំពេញកិច្ចការងារក្តី និងក្រៅម៉ៅងធ្វើការងារក្តី រក្សាឲ្យបាននូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ ដើម្បីធ្វើជាគំរូល្អ ដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋទូទៅ។
ឯកឧត្តមអភិបាលខេត្តបន្តថា មន្ត្រីមានតួនាទីសាបព្រួសវប្បធម៌ជាតិនិយម។ គិតអំពីប្រយោជន៍រួម ។ប្រយោជន៍ប្រជាជន និងប្រយោជន៍ប្រទេសជាតិជាធំ ៕
ដោយ៖ សិលា សារិន