សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាព
ភ្នំពេញ៖ ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាពរបស់ប្រទេសជាតិ ព្រោះថា ធនធានមនុស្សអាចជួយឱ្យប្រទេសជាតិមានភាពរស់រវើក,មានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងសកលលោក អាចចាប់យកបាននូវឱកាស និងបន្ថយនូវគម្លាតនានា ជាពិសេសគម្លាតខួរក្បាល។នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិតបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យលីមកុកវីង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។
សម្ដេចធិបតីបានបន្តទៀតថា ការទទួលបានសញ្ញាបត្រ គឺជាការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់សម្រាប់ជីវិតរបស់និស្សិតជ័យលាភី តែចាំបាច់ត្រូវបន្តសិក្សាបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយដើម្បីពង្រឹងភាពប្រកួតប្រជែងនៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងកាន់តែខ្ពស់ ។
សម្ដេចធិបតីបានបន្ថែមថា ជាមួយនឹងចំណេះដឹងដែលទទួលបាននេះនិស្សិតទាំងអស់ ក៏ត្រូវបន្ដការសិក្សាជំនាញឯកទេសបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលរបស់ខ្លួនឱ្យកាន់តែខ្ពស់តាមដែលអាចធ្វើទៅបាន និងត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជនឌីជីថល និង យុវជនសកល ក្នុងឯកទេសកម្មរៀងៗខ្លួន សំដៅទាញយកផលប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថល និងរួមចំណែកដល់ការកសាង ម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និងនវានុវត្តន៍ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ