ការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា ជាលើកដំបូង ចាប់ផ្តើមថ្ងៃទី១៦មិថុនា (Video Inside)

ការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា ជាលើកដំបូងបង្អស់ នឹងចាប់ផ្ដើមបើកដំណើរការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជា គឺ Cambodia Angkor Air។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា នៅថ្ងៃចាប់ផ្តើមនាចុងសប្តាហ៍នេះ ការហោះហើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងធ្វើឡើងចំនួន ៤ជើងក្នុងមួយសប្តាហ៍។

ពិធីសម្ពោធដំណើរការជើងហោះហើរនារសៀលថ្ងៃទី១៦ ខែមិថុនា នឹងធ្វើនៅព្រលានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន។

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ម៉ៅ ហាវណ្ណាល់, លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ សុខ សូកេន និងមន្ត្រីជាន់ខ្ពស់នានាទៀត នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធថ្ងៃដំបូងនោះ។

ដោយឡែកការហោះហើរត្រង់ដោយផ្ទាល់ពីរដ្ឋធានីញូដេល្លី មកកាន់ក្រុងសៀមរាប ដោយក្រុមហ៊ុនយន្តហោះ ឥណ្ឌីហ្គោ IndiGo ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌា ក៏នឹងត្រៀមបើកការហោះហើរត្រង់របស់ខ្លួន ចាប់ផ្តើមនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះហើរ ចំនួន ៧ជើង ក្នុងមួយសប្តាហ៍។

ads banner