អភិបាលខេត្តៈ រាជរដ្ឋាភិបាលបានបង្កើនការផ្ទេរអំណាចគ្រប់គ្រង ដឹកនាំនៅមូលដ្ឋានថ្នាក់ក្រោមជាតិ

បន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបានបង្កើនការផ្ទេរអំណាចគ្រប់គ្រងដឹកនាំនៅមូលដ្ឋាន រួមទាំងថវិកាដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីងាយស្រួលក្នុងការបំពេញ ការងារជាប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាផលប្រយោជន៍សង្គម ។នេះជាការបញ្ជាក់របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងឱកាសជួបសំណេះសំណាលការងារដឹកនាំរដ្ឋបាលនិងក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ក្នុងសប្ដាហ៍នេះ ។

ឯកឧត្តម អ៊ុ រាត្រី បន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំងទៅលើការជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍជាតិតាមបែប វិមជ្ឈការ និងវិសហមជ្ឈការមានន័យថា ការ ផ្ទេរអំណាចគ្រប់គ្រងដឹកនាំការងាររដ្ឋបាល និងថវិកា ដល់មន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តស្រុកក្រុង និងក្រុមប្រឹក្សា ពិសេស មេឃុំ ចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ត្រូវបានកែទម្រង់ ។

លោកបន្ថែមថា មានការផ្លាស់រចនាសម្ព័ន្ធគ្រប់គ្រងនិងថវិកា ដែលពីមុនធ្វើអ្វីៗគ្រប់យ៉ាងសុទ្ធតែសុំទៅថ្នាក់ជាតិ។ ប៉ុន្តែឥឡូវបង្កលក្ខណៈងាយស្រួលឲ្យ អាជ្ញាធរមូលដ្ឋាន មានសិទ្ធិសម្រេចលើការងារ កសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយអនុវត្តតាមមូលនិធិឃុំសង្កាត់ឬកញ្ចប់ថវិកាថ្នាក់ជាតិផ្ដល់ឲ្យនោះ យកវាមកប្រើប្រាស់គុណប្រយោជន៍ក្នុងភូមិឃុំសង្កាត់ ។

ឯកឧត្តមរំលឹកថា រាល់ការអភិវឌ្ឍមូលដ្ឋានក៏ចាំបាច់ឲ្យមានប្រជាពលរដ្ឋចូលរួមចំណែកដឹងឮផងដែរ៕
ដោយៈគៀន ច័ន្ទហ៊ីន

ads banner