មនុស្ស ១២០លាននាក់ នៅ ៣០ប្រទេស ត្រូវបង្ខំឲ្យផ្លាស់ទីលំនៅ
កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ ហៅកាត់ UN បានចេញផ្សាយរបាយការណ៍ចុងក្រោយថា គិតត្រឹមចុងខែមេសា មនុស្សចំនួន១២០លាននាក់នៅក្នុងជិត៣០ប្រទេស ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅ ដោយសារតែសង្គ្រាម, អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ។ នេះគឺជាការបំបែកកំណត់ត្រាថ្មីមួយ បើធៀបនឹងចំនួនគិតត្រឹមចុងឆ្នាំមុន ដែលមានមនុស្សត្រឹមជាង១១៧លាននាក់។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNHCR របស់ UN បានចាត់ទុកចំនួនដែលកើនឡើងឥតឈប់ឈរ នៃការផ្លាស់ទីលំនៅថាបែបនេះថា គឺជា «រឿងដ៏គួរឱ្យភ័យខ្លាច ចំពោះស្ថានភាពពិភពលោក»។
ប្រធាន UNHCR លោក Filippo Grandi បានប្រាប់ថា ការជម្លៀសដោយបង្ខំបានកើនឡើងយ៉ាងច្រើន ក្នុងរយៈពេលចុងក្រោយ ដោយសារតែជម្លោះនៅតំបន់ហ្គាហ្សា ស៊ូដង់ និងមីយ៉ាន់ម៉ា ព្រមទាំងអ៊ុយក្រែន ។
UNHCR បានឲ្យដឹងដែរថា តាំងពីឆ្នាំ២០១២មក ចំនួនជនភៀសខ្លួនបានកើនឡើង ១២ឆ្នាំ ជាប់ៗគ្នា ចំពេលមានវិបត្តិថ្មីៗ ដូចជា បញ្ហាភូមិសាស្ត្រនយោបាយ និងបរាជ័យក្នុងការដោះស្រាយ ដែលមានរយៈពេលយូរ។
របាយការណ៍ UNHCR ឲ្យដឹងទៀតថា ស៊ីរីនៅតែជាប្រទេស ដែលមានបញ្ហាវិបត្តិជនភៀសខ្លួនដ៏ធំបំផុត របស់ពិភពលោក ក្នុងនោះ មានមនុស្សចំនួន ជិត១៤លាននាក់ ត្រូវបានជម្លៀសចេញពីផ្ទះ ដោយបង្ខំ នៅក្នុង និងក្រៅប្រទេស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត