រាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោត អាចនឹងលែងជន់លិចទៀតហើយ ក្រោយរាជរដ្ឋាភិបាល កសាងប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកចេញរួចរាល់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹង ព្រែកត្នោតកុំឱ្យជន់លិចរាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោត នៅព្រឹកថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៤ ។ ក្រោយពីរាជរដ្ឋាភិបាល កសាងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់នេះរួចរាល់ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងតំបន់រណប នឹងលែងមានជំនន់ទឹកទៀតហើយ ។
សូមរំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេស ខណ្ឌដង្ហោ និងតំបន់ខ្លះទៀតក្នុងខេត្តកណ្តាល កំពង់ស្ពឺ ជាប់នឹងស្ទឹងព្រែកត្នោត តែងរងការជន់លិចយ៉ាងធ្ងន់ធ្ងរ។ ការជន់លិចដោយសារទឹកហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ ជួរភ្នំក្រវាញ និងដោយសារ ផ្ទៃរងទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កាន់តែរួមតូច ដោយសារកំណើន នៃសំណង់លំនៅឋាន និងតំបន់ពាណិជ្ជកម្មផ្សេងៗ។
ដើម្បីដោះស្រាយការជន់លិច ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ និងសកម្មភាព សេដ្ឋកិច្ចផ្សេងៗ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញកញ្ចប់ថវិកា ប្រមាណ ៣០០លានដុល្លារអាមេរិក កសាងប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងការជន់លិចនេះ ។
គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញ ពីរាជធានីភ្នំពេញ និងតំបន់រណប ត្រូវអនុវត្តជាបីជំហាន បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ ។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹក ចំនួន ២៧គ្រឿង និងសំណង់ ទ្វារទឹក(ក្បាលហុង) ចំនួន ១កន្លែង ។
ក្នុងអំឡុងពេលចុះពិនិត្យវឌ្ឍនភាពគម្រោងការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ រួមមាន៖ ១) ការងារសាងសង់សំណង់ទ្វារទឹកនិង ស្ដារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោត ក្នុងឃុំរលាំងចក ខេត្តកំពង់ស្ពឺ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល , ២) ការងារសាងសង់ ស្ថានីយបូមទឹក សាក់ សំពៅក្នុងភូមិសាស្ត្រ រាជធានី ភ្នំពេញ ដែលមាន សំណង់ អគារកម្ពស់ ៨ម៉ែត្រ និងទទឹង២៧ ម៉ែត្រ មានក្បាលបូម ៦គ្រឿង និង ៣) ការងារស្ដារប្រឡាយព្រែកហូរប្រវែង ៧,២គីឡូម៉ែត្រនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតស្ថិត ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល។
អត្ថប្រយោជន៍គម្រោងនេះ មានផ្លូវរំដោះទឹកថ្មីបន្ថែមជាលក្ខណៈប្រវត្តិសាស្ត្រ មានទឹកសម្រាប់ប្រើប្រាស់ពហុបំណង ភ្ជាប់គមនាគមន៍ពីក្នុងតំបន់គម្រោងមកខាងក្រៅ បង្កើតបានតំបន់ទេសចរណ៍បានមួយចំនួន និងជីវចម្រុះ បង្កើនបាននូវសក្តានុពល នៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័នផ្សេងៗ ៕
ដោយ ៖ វណ្ណលុក
រូបភាព៖ FN











