ថៃចង់សហការនឹងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន១១ ជំរុញកំណើនភ្ញៀវទេសចរ

បាងកក៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងស្វែងរកភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ យ៉ាងហោចណាស់ចំនួន១១ ក្នុងគោលបំណងជំរុញកំណើនភ្ញៀវទេសចរ ចាប់ពីឆមាសទីពីរ ឆ្នាំ ២០២៤នេះ។

លោក Siripakorn Cheawsamoot អនុប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) ប្រចាំតំបន់អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិក បាននិយាយថា ទីភ្នាក់ងារនេះគ្រោងនឹងពង្រឹងទីផ្សារទេសចរណ៍ដ៏មានសក្តានុពល ដោយប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងតំបន់ទាំងនោះ ដែលដំណើរការជើងហោះហើរមកកាន់ប្រទេសថៃ។

លោកបន្តថា ទីផ្សារទេសចរណ៍រយៈពេលវែងបានព្យាករថា នឹងបង្កើតប្រាក់ចំណូលបានយ៉ាងហោចណាស់ ២០.៩៦ពាន់លានដុល្លារនៅឆ្នាំ ២០២៤នេះ ពីចំនួនភ្ញៀវបរទេសចំនួន ១០.៨លាននាក់។ លោកបន្ថែមថា ទីផ្សាររបស់ TAT នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ នឹងផ្តោតលើតំបន់មានសក្តានុពលចំនួនពីរ គឺអឺរ៉ុប និង មជ្ឈឹមបូព៌ា។

ភ្ញៀវទេសចរមកពីប្រទេសអឺរ៉ុបចំនួន៥ បានកើនឡើងខ្លាំងយ៉ាងគំហុក ក្នុងនោះប្រទេសបារាំង ៣៨.៧ភាគរយ, អាល្លឺម៉ង់ ៣២ភាគរយ ចក្រភពអង់គ្លេស ២២.៦ភាគរយ, រុស្ស៊ី ១៤.៨ភាគរយ និងសហរដ្ឋអាមេរិក ១៤.៣ភាគរយ។

គិតត្រឹមថ្ងៃទី២៩ ខែឧសភា ជើងហោះហើរដឹកភ្ញៀវទេសចរក្នុងអំឡុងរដូវក្តៅ បានស្ទុះឡើងខ្លាំងលើសពីចំនួនមុនពេលផ្ទុះជំងឺរាតត្បាត ដែលភាគច្រើនមកពីតំបន់មជ្ឈឹមបូព៌ា ជាមួយនឹងអត្រាងើបឡើងវិញ ១៤១ភាគរយ បន្ទាប់មកដោយអឺរ៉ុប ១០៣ភាគរយ និងអាហ្វ្រិក ៨១.៣ភាគរយ៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner