មេធំ Tiktok ជំរុះបុគ្គលិករាប់រយនាក់នៅឥណ្ឌូនេស៊ី

ហ្សាការតា៖ ក្រុមហ៊ុន ByteDance កំពុងកាត់បន្ថយបុគ្គលិកប្រហែល ៤៥០នាក់នៅក្នុងផ្នែកពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី ដែលនេះជាការជំរុះបុគ្គលិកលើកដំបូង ចាប់តាំងពីការរួមបញ្ចូលគ្នារវាង TikTok ជាមួយគូប្រជែង Tokopedia កាលពីខែមករាដើមឆ្នាំនេះ។

ការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន ByteDance ដែលស្មើនឹងប្រហែល ៩ភាគរយនៃផ្នែកពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ីនេះ នឹងចាប់ផ្តើមភ្លាមៗនៅក្នុងខែមិថុនា នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។ ប៉ុន្តែចំនួនបុគ្គលិកពិតប្រាកដកំពុងស្ថិតក្រោមការពិភាក្សា ហើយអាចប្រែប្រួលនៅពេលដែលលក្ខខណ្ឌផ្លាស់ប្តូរ។

ការកាត់បន្ថយបុគ្គលិកនេះជាសញ្ញាថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ByteDance របស់ចិន កំពុងធ្វើការកែលំអប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយស្វែងរកការកាត់បន្ថយការចំណាយ បន្ទាប់ពីការរួមបញ្ចូលគ្នារវាង TikTok Shop ជាមួយ Tokopedia របស់ក្រុមហ៊ុន GoTo Group ក្នុងកិច្ចព្រមព្រៀងមានតម្លៃ ១.៥ពាន់លានដុល្លារ។

បន្ទាប់ពីការរួមបញ្ចូលគ្នារវាង TikTok Shop និង Tokopedia អាជីវកម្មអេឡិចត្រូនិកឥណ្ឌូនេស៊ីរបស់ ByteDance មានបុគ្គលិកប្រហែល ៥,០០០។ ឥណ្ឌូនេស៊ីគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដំបូងបំផុត សម្រាប់ការបំពេញមហិច្ឆតាផ្នែកពាណិជ្ជកម្មអេឡិចត្រូនិករបស់ ByteDance ហើយរហូតមកទល់ពេលនេះ ខ្លួនក៏បាននឹងកំពុងប្រឈមមុខនូវការប្រកួតប្រជែងខ្លាំងពីគូប្រជែងមួយចំនួន មានដូចជា Sea’s Shopee និង Alibaba Group Holding’s Lazada ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner