កាកបាទក្រហម កម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ ជាលើកទី៧ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៣ (ឆ្នាំទី១៣) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជាលើកទី៧ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី ១៣ (ឆ្នាំទី១៣) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២រៀងមក។

លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេសកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ បរិច្ចាគនូវកម្លាំងកាយចិត្តនិងពេលវេលាផ្ទាល់ខ្លួន ដើម្បីផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ កុមារ និងទារកកម្ពុជារាប់ម៉ឺន រាប់សែននាក់នៅទូទាំងប្រទេស។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានជម្រាបជូនថា «ថ្វីត្បិតតែ កាកបាទក្រហមកម្ពុជា ទទួលបានមូលនិធិពីការប្រារព្ធទិវា៨ឧសភា បានតិចជាងឆ្នាំមុនក៏ដោយ ក៏សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ព្រោះថាមន្ទីរពេទ្យនេះ គឺជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ហើយចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា ក៏ជាអាទិភាពមួយដែលកាកបាទក្រហមកម្ពុជា បានគិតគូរ យកចិត្តទុកដាក់ និងចូលរួមចំណែករែកពន់ជាមួយរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យ មន្ទីរពេទ្យកុមារគន្ធបុប្ផា អាចបន្តបេសកកម្មផ្តល់សេវាសុខភាពជូនដល់កុមារកម្ពុជារាប់ម៉ឺនសែននាក់បន្តទៅទៀត»។

ជាកិច្ចឆ្លើយតប លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបាននាំភាពញញឹមដល់ទារក និងកុមារកម្ពុជា តាមរយៈការផ្តល់វិភាគទានចូលមូលនិធិគន្ធបុប្ផាកម្ពុជា ជាប្រចាំ ដើម្បីជាប្រយោជន៍សម្រាប់ទារក និងកុមារកម្ពុជារាប់លាននាក់នៅកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពទារក និងកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

លោកជំទាវ បានគូសបញ្ជាក់ថា៖ ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៤នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានចំណូលប្រមាណចំនួន ១៣.៣៤ លានដុល្លារអាម៉េរិក ឬកើនឡើង ៥% បើធៀបនឹងខែមករា-ឧសភា ដូចគ្នាក្នុងឆ្នាំ២០២៣ ប្រមាណចំនួន ១២លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ទិន្នន័យចំណូលបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប ក្នុងរយៈពេល៥ខែ (មករា-ឧសភា) នៃឆ្នាំ២០២៤ មានចំនួនប្រមាណ ១.១៦ លានដុល្លារអាមេរិក ផងដែរ។ បន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានប្រកាសបើកជាផ្លូវការយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃនេះ, សប្បុរសជនប្រមាណជាង ១៣ ម៉ឺននាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ និងដោយទទួលបានថវិកាបរិច្ចាគសមមូលជាប្រាក់ដុល្លារ ប្រមាណ ១លាន ៤០ម៉ឺន ដុល្លារអាមេរិក ។

តាមការបញ្ជាក់របស់លោកជំទាវរដ្ឋលេខាធិការ ក៏បានឱ្យដឹងថា៖ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៤នេះ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា បានចំណាយថវិកាប្រមាណ ១៦.២ លានដុល្លារអាមេរិក(ដោយមិនរាប់បញ្ចូលចំណាយថវិកាជាតិតាមរយៈក្រសួងសុខាភិបាល) ដើម្បីពិនិត្យព្យាបាលកុមារ និងស្រ្តីមានផ្ទៃពោះ ដែលក្នុងនោះរួមមាន៖ ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (Outpatient) ចំនួន ៣៥២.០២៥ ករណី, ក្នុងនោះ ជំងឺធ្ងន់ធ្ងរដែលបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួន ៦៧.២៣៥ នាក់, ស្រ្តីមានផ្ទៃពោះបានមកពិនិត្យ និងតាមដានផ្ទៃពោះ ចំនួន ៤១.០៧៩ ករណី, សម្រាលកូនបាន ចំនួន ៨.២០២ នាក់ (នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប) និងវះកាត់ជំងឺបេះដូងពីកំណើតបានចំនួន ៣៩៣នាក់ ៕

ដោយ / គ្រី សម្បត្តិ
(FB-TT)

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner