អភិបាលក្រុងកំពង់ចាម ជំរុញឱ្យរួមគ្នា ចាត់វិធានការទប់ស្កាត់សកម្មភាព សិស្សគេចសាលាទៅប្រមូលផ្តុំគ្នា លេងហ្គេមអុីនធ័រណិត ជក់បារី និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម អញ្ជេីញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់ចាម ស្ថិតនៅសាលាក្រុងកំពង់ចាម។
លោក អភិបាល បានធ្វេីការផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៦/២៤ សណន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពី ការទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន សិស្សានុសិស្សគេចសាលាទៅប្រមូលផ្តុំគ្នាលេងទូរស័ព្ទ លេងហ្គេមអុីនធ័រណិត ជក់បារី និងឈានទៅប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
លោក លី សុវណ្ណ ក៏បានណែនាំដល់លោក លោកស្រី ចៅសង្កាត់ កងកម្លាំងទាំងបី និងនាយកវិទ្យាល័យ ទាំងរដ្ឋ និងឯកជន ធ្វេីយ៉ាងណា ត្រូវយកសេចក្តីណែនាំនេះ ទៅផ្សព្វផ្សាយឱ្យដល់គោលដៅ រួមមាន៖ ម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ ក្លឹមហាត់ប្រាណ ក្លឹមបាល់ទះ ក្លឹមបាល់ទាត់ អាហារដ្ឋាន និងកន្លែងកំសាន្តនានា នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ក្នុងបំណងដេីម្បីចូលរួមទប់ស្កាត់បាតុភាពអសកម្មការសិក្សារបស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ៕
ដោយ ៖ លី ពៅ






