សម្តេចធិបតីពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះពិនិត្យវឌ្ឍនភាព គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសម្រេចបានប្រមាណ ៧៦%។
រាជធានីភ្នំពេញជាពិសេសតំបន់ដែលស្ថិតនៅតាមទីទំនាបមួយចំនួន តែងជួបប្រទះនឹងទឹកជំនន់លិចលង់ មិនសូវខកខានឡើយ ប៉ុន្តែនៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់ហើយ ទីតំបន់ទំនាបទាំងឡាយ ដែលធ្លាប់តែរងការលិចលង់ជារៀងរាល់ឆ្នាំនោះ នឹងក្លាយជាទីកន្លែងអស់មានក្តីព្រួយបារម្ភការលិចលង់ទៀតឡើយ។
ការចុះពិនិត្យនេះបានធ្វើឡើងក្នុងខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល និងរាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី១៤ មិថុនា ២០២៤នេះ។
គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹក ចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន។ បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ នៅដំណាច់ខែសីហា ឆ្នាំ២០២៤។
ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានសាងសង់ស្ថានីយបូមទឹក ចំនួន ៤កន្លែង បំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ទ្វារទឹក (ក្បាលហុង) ចំនួន១កន្លែង។
ការងារសាងសង់សំណង់ទ្វារទឹក និងស្ដារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ គឺចាប់ផ្តើមតាំងពីស្ទឹងព្រែកត្នោត ក្នុងឃុំរលាំងចក ខេត្តកំពង់ស្ពឺ រហួតដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ការងារសាងសង់ស្ថានីយបូមទឹកសាក់សំពៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានសំណង់អគារកម្ពស់៨ម៉ែត្រ និងទទឹង២៧ម៉ែត្រ មានក្បាលបូមចំនួន៦គ្រឿង។ ការងារស្តារប្រឡាយ ព្រែកហូរ មានប្រវែង ៧,២គីឡូម៉ែត្រ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។