ព្រឹកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធពិធីថ្វាយបង្គំថ្វាយព្រះពរ និងពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ស្តីពី “ព្រះរាជកម្មវិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ” បានឱ្យដឹងថា ដោយទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំ «ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ» ក្នុងគោលបំណងសម្តែងថ្វាយនូវកតញ្ញូកតវេទីចំពោះព្រះរាជបូជនីយកិច្ចរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។
ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ ក្រុមគ្រួសារ ស.ស.យ.ក. បានរៀបចំកម្មវិធីដែលរួមមាន ៖ ពិធីក្រាបថ្វាយបង្គំថ្វាយព្រះពរចម្រើនព្រះជន្ម ពិធីចម្រើនព្រះជន្មវស្សា ពិធីចម្រើនព្រះបរិត្ត ក្នុងនោះ មានការនិមន្តព្រះសង្ឃរាជ និងមន្ត្រីសង្ឃទាំងពីរគណៈចម្រើនព្រះបរិត្ត និងគោចរបិណ្ឌបាត្រសរុប ៨៩ អង្គ, កម្មវិធីពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍ ដើម្បីផ្សព្វផ្សាយនូវព្រះរាជជីវប្រវត្តិ ស្នាព្រះហស្ថ ស្ថាបនិក និងព្រះរាជសកម្មភាពនៃគំរូវីរភាព ប្រកបដោយទសពិធរាជធម៌របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងពិធីបញ្ចាំងខ្សែភាពយន្តដែលជាព្រះរាជនិពន្ធរបស់ព្រះវររាជបិតាជាតិខ្មែរ ។
សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គបានយកអស់ព្រះកាយពល និងព្រះបញ្ញាញាណ ប្រកបដោយទឹកព្រះទ័យដ៏ស្មោះស្ម័គ្របំផុត ដង្ហែតាមព្រះរាជសកម្មភាពដ៏ថ្លៃថ្លា នៃអង្គព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅគ្រប់កាលៈទេសៈ ក្នុងព្រះរាជកិច្ចបម្រើជាតិ មាតុភូមិន និងប្រជារាស្រ្តជាទីស្នេហារបស់ព្រះអង្គទាំងទ្វេ។
ស្នាព្រះហស្ថ និងព្រះរាជសកម្មភាពរបស់ព្រះអង្គ គឺជាគំរូព្រះវីរភាពដ៏ធំធេងដល់កូនចៅ ចៅទួត ជាពិសេសស្ត្រីកម្ពុជា គ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ