សម្តេចធិបតី៖ ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ គឺបង្ហាញឱ្យឃើញយ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ តាមរយៈសារលិខិតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”។ ការជ្រើសរើសយកប្រធានបទ និងការរៀបចំទិវាជាតិនេះ គឺបង្ហាញឱ្យឃើញយ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលបានផ្តល់អាទិភាពគន្លឹះទី១ លើ “មនុស្ស” ហើយ “ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” គឺជាអាទិភាពបន្តបន្ទាប់តាមលំដាប់។

សម្តេចធិបតីបានបញ្ជាក់ថា “ការបណ្តុះបណ្តាលជំនាញបច្ចេកទេស” គឺជាមុំសំខាន់មួយ នៃបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” ដែលជារបៀបវារៈក្នុងការកសាងនិងអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដោយ សម្រេចឱ្យបាននូវគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ជាពិសេសសម្រាប់យុវជនដែល ជាកម្លាំងពលកម្មជំនាញដ៏មានសក្តានុពល។

សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិនេះ ក្នុងគោលបំណង លើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈការ ផ្សព្វផ្សាយ ការជំរុញ និងការលើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និង ទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ទាំង ក្នុងនិងក្រៅប្រទេស។

សម្តេចធិបតីបានបញ្ជាក់ថា ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាអាទិភាពមួយនៃ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩មក ទន្ទឹមនឹងការស្តារនិងអភិវឌ្ឍ ប្រទេសជាតិពីបាតដៃទទេ។ កត្តាសុខសន្តិភាពពេញលេញដែលទទួលបានពីការដាក់ចេញ និងអនុវត្តដោយ ជោគជ័យទាំងស្រុងនៃនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ព្រមជាមួយនឹងការដាក់ ចេញនូវកម្មវិធីកំណែទម្រង់មុតស្រួចស៊ីជម្រៅនានាជាប់ជាប្រចាំ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា ខ្ពស់ជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ រយៈពេលជាង ២ទសវត្សរ៍ មុនផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពី ការរីករាលដាលជំងឺកូវីដ-១៩ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ភាពស្រុតចុះនៃទំនុកចិត្តវិនិយោគនិងភាពមិនប្រាកដ ប្រជានៃសេដ្ឋកិច្ចអឺរ៉ុប សហរដ្ឋអាម៉េរិក និងចិន។ ទន្ទឹមនឹងនេះ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងស្ថានភាពទីផ្សារការងារនៅកម្ពុជា ក៏កាន់តែមានភាពរីកចម្រើន និងមានលក្ខណៈល្អប្រសើរឡើងជាបន្តបន្ទាប់។ ក្នុងបរិការណ៍ប្រជាសាស្ត្រអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចហៅថា «ភាគលាភប្រជាសាស្ត្រ» ដែល កម្ពុជាមានប្រជាជនក្នុងវ័យធ្វើការចំនួន ៦២% រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន ពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញតាមតម្រូវការទីផ្សារការងារ ដែលទាមទារឱ្យកម្ពុជាត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ខណៈចំនួនប្រជាជនស្ថិតនៅក្នុងវ័យបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានអាយុពី១៥ ទៅ២៤ឆ្នាំ កំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ក្នុង ចន្លោះឆ្នាំ២០២៣-២០២៨៕
ដោយ៖ពលជ័យ

ads banner