ស.ស.យ.ក. ប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវចំពោះជោគវាសនាកម្ពុជា

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវចំពោះជោគវាសនាកម្ពុជា តាមរយៈការបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មសប្បុរសធម៌ វប្បធម៌ និងសង្គម ។

នេះជាការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលអញ្ជើញជាអធិបតីជាមួយសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ក្នុងឱកាសរៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីសម្តែងថ្វាយនូវកតញ្ញូកតវេទីចំពោះព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។

បើតាម លោក សុខន តារាពី ក្រុមការងារ ស.ស.យ.ក. ដែលទទួលបន្ទុករៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានឱ្យដឹងថា ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ ក្រុមគ្រួសារ ស.ស.យ.ក. បានរៀបចំកម្មវិធីដែលរួមមាន ៖ ពិធីក្រាបថ្វាយបង្គំថ្វាយព្រះពរចម្រើនព្រះជន្ម ពិធីចម្រើនព្រះជន្មវស្សា ពិធីចម្រើនព្រះបរិត្ត ក្នុងនោះ មានការនិមន្តព្រះសង្ឃរាជ និងមន្ត្រីសង្ឃទាំងពីរគណៈចម្រើនព្រះបរិត្ត និងគោចរបិណ្ឌបាត្រសរុប ៨៩ អង្គ ដោយមានការអញ្ជញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ។

ជាមួយនេះ ក៏មានរៀបចំកម្មវិធីពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ ដើម្បីផ្សព្វផ្សាយនូវព្រះរាជជីវប្រវត្តិ ស្នាព្រះហស្ថ ស្ថាបនិក និងព្រះរាជសកម្មភាពនៃគំរូវីរភាព ប្រកបដោយទសពិធរាជធម៌របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅសួនព្រះរាជឱង្កា មុខព្រះបរមរាជវាំង ដោយលោកសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋមកទស្សនាដោយសេរី ។ ជាមួយនឹងរៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏មានពិធីបញ្ចាំងខ្សែភាពយន្ត ដែលជាព្រះរាជនិពន្ធរបស់ព្រះវររាជបិតាជាតិខ្មែរផងដែរ ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រសួងព្រះបរមរាជវាំង, ក្រសួងព័ត៌មាន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងធម្មការ និង សាសនា និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្តល់កិច្ចសហការគាំទ្រយ៉ាងស្អិតរមួតដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំកម្មវិធីទាំង៣នេះ រហូតប្រព្រឹត្តទៅដោយភាពរលូន និងសម្រេចបានលទ្ធផលជារូបរាងឡើងនាពេលនេះ ។

ឯកឧត្តមបានបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវចំពោះជោគវាសនាកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ តាមរយៈការបន្តចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មសប្បុរសធម៌ វប្បធម៌ និងសង្គម ក្នុងទិសដៅបន្តរក្សាការពារឲ្យបាននូវអធិបតេយ្យភាព ឯកភាពជាតិ បូរណភាពដែនដី សន្តិភាព រដ្ឋធម្មនុញ្ញ ព្រះរាជបល្ល័ង្ក ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្សការចូលរួមចំណែកការពារ សន្តិសុខ សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ដើម្បីកម្ពុជាបន្តសម្រេចបានកំណើនសេដ្ឋកិច្ច សមធម៌សង្គម ព្រម ទាំងការបន្តលើកកម្ពស់កិត្យានុភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ។

សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះរាជបូជនីយកិច្ចរបស់ «ព្រះបរមរតនកោដ្ឋ»។ សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាបន្តចូលរួម បេសកកម្មថែរក្សាគាំពារដល់ភាពសុខដុម និងអភិវឌ្ឍប្រទេសក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner