ប្រព័ន្ធធារាសាស្ត្រតម្លៃ ៣២លានដុល្លារនៅស្រុកស្រីសន្ធរ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

កំពង់ចាមៈឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ និងវក្រុមការងារបានអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ នែឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ដែលមានតម្លៃ៣២លានដុល្លារស្ថិតក្នុងគម្រោងទប់ទល់បម្រែបម្រួលអាកាសធាតុ។

តាមរបាយការណ៍មន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថាប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ។ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រ៧គ្រឿងចំនួនមួយកន្លែង។ ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីច្រើនជាង ៨ ០០០ ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង។ ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធធារាសាស្រ្តព្រែកពោធិមានស្ថានីយបូមទឹកបំពាក់បច្ចេកវិទ្យាទំនើបខ្នាតធំបូមទឹកពីទន្លេដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងទាំងរដូវវស្សា។
ប្រព័ន្ធធារាសាស្រ្តដ៏ធំនេះស្ថិតក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគាវិនិយោគសហគមន៍អឺរ៉ុប និងរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី DFAT និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយករាជរដ្ឋាភិបាលកម្ពុជា ។ការសាងសង់ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិមានគោលបំណង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដី និងធានាបាននូវសន្តិសុខទឹកសម្រាប់គ្របតម្រូវការដោយប្រើប្រាស់ថវិកាប្រមាណ ៣២លានដុល្លា៕
ដោយៈ លី ពៅ

ads banner