ទិដ្ឋភាព ពិធីសម្ពោធពិពរណ៍ព្រះបរមឆាយាល័ក្ខណ៍ នៅក្នុងបរិវេណ សួនព្រះរាជឱង្ការ
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាមួយ សម្តេចរាជ បុត្រីព្រះអនុជ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងពិធីសម្ពោធពិព័រណ៌ព្រះបរម ឆាយាល័ក្ខណ៍សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបរិវេណសួនព្រះរាជឱង្ការ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ។
ពិព័រណ៍នេះ ចាប់ផ្តើមប្រារព្ធពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយរៀបចំឡើង ក្នុងគោលបំណង ផ្សព្វផ្សាយព្រះរាជជីវប្រវត្តិ ស្នាព្រះហស្ត និងព្រះ រាជសកម្មភាព ប្រកបដោយទសពិធរាជធម៌ តាមរយៈការតាំងពិព័រណ៌ព្រះបរម ឆាយាល័ក្ខណ៍របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ពិពរណ៍បានឆ្លុះបញ្ចាំងនូវកម្រងព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាពនៃសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលរួមបញ្ចូលព្រះរាជសកម្មភាព ស្តេចយាងដង្ហែតាម ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងវិស័យនយោបាយ មនុស្សធម៌ សប្បុរសធម៌ និងសង្គមកិច្ច ប្រកបដោយព្រះរាជហឫទ័យថ្លៃថ្លា សណ្តោសប្រោសដល់ប្រជានុរាស្ត្រនៃព្រះអង្គ ។
ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សូមអញ្ជើញបងប្អូន សមាជិក សមាជិកា សាធារណជន មកទស្សនាពិពរណ៍ ដែលប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ