រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការចូលរួមថែរក្សាពូជត្រីជិតផុតពូជ ឱ្យបានល្អ មិនត្រឹមតែការពារត្រីធម្មជាតិទេ គឺនឹងជួយដល់ធម្មជាតិថែមទៀត

(ខេត្តព្រៃវែង)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតក្នុងឃុំពាមជរ ស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញពិនិត្យកន្លែងបង្កាត់ ភ្ញាស់កូនត្រី ការផលិតចំណី និងដំណើរការចិញ្ចឹម តាមលក្ខណៈបច្ចេកទេស។

ជាមួយគ្នាដែរ ឯកឧត្តម បានជួបសំណេះសំណាល និងមានចំណាប់អារម្មណ៍ផ្តល់អនុសាសន៍ដល់មជ្ឈមណ្ឌលពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការអភិរក្សត្រីដែលជិតផុតពូជ ក៏ដូចជាការបង្កាត់ និងពង្រីកពូជ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារជាអាទិ៍ ត្រីខ្ជឹង និងត្រីគល់រាំង ដែលជានិមិត្តរូបនៃប្រទេស។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការចូលរួមថែរក្សាពូជត្រីជិតផុតពូជទាំងនេះឱ្យបានល្អ មិនត្រឹមតែការពារត្រីធម្មជាតិទេ គឺនឹងជួយដល់ធម្មជាតិថែមទៀត។ ដូច្នេះការសិក្សាគឺមានសារសំខាន់ណាស់ដោយមិនត្រូវផ្តោតតែបច្ចេកទេស គឺត្រូវគិតគូរឱ្យមានលក្ខណៈសេដ្ឋកិច្ចថែមទៀត។

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃ ការពន្យល់ អប់រំ និងកែប្រែឥរិយាបថអ្នកបរិភោគដែលនៅតែយល់ថា ត្រីចិញ្ចឹមមានគុណភាពមិនល្អ ព្រោះថា សព្វថ្ងៃនេះ ការចិញ្ចឹមត្រីធ្វើឡើងដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ អំពីការចូលរួមទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ និងការចូលរួមអភិរក្សធនធានធម្មជាតិ ដែលជាការងារចាំបាច់ដើម្បីធានានិរន្តរភាពធនធានធម្មជាតិឱ្យមានបន្តរហូត ដូចជាការអភិរក្សផ្សោត ត្រីគល់រាំង និងត្រីរាជជាដើម ធ្វើយ៉ាងណាឱ្យពូជត្រីកម្រនេះមានវត្តមានកាន់តែច្រើនឡើង ដូចពាក្យស្លោកដែលថា “ទីណាមានទឹក ទីនោះមានត្រី”។

សូមជម្រាបជូនថា នៅក្នុងមជ្ឈមណ្ឌលមានពូជត្រីសាច់ឬត្រីសម្រាប់ផលិតកម្ម ដូចជា ត្រីប្រា ត្រីឆ្ពិន ត្រីទីឡាព្យា ត្រីរ៉ស់ ត្រីកាប ត្រីអណ្តែងទន់ អណ្តែងអាព្រិច ខ្យង កង្កែប បង្កង និងអណ្តើកដែលយកមកអភិរក្សផងដែរ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner