លោក Elon Musk ថា ពិភពលោកនឹងទិញមនុស្សយន្ត Tesla Optimus

វ៉ាស៊ីនតោន÷ នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានគូសបញ្ជាក់អំពីផែនការប្រកបដោយមហិច្ឆតារបស់គាត់ សម្រាប់មនុស្សយន្ត Optimus។ គាត់បានស្រមៃមើលអនាគតមួយដែលមនុស្សយន្តទាំងនេះ មានច្រើនជាងមនុស្ស ហើយក្លាយជាផ្នែកសំខាន់សម្រាប់ឧស្សាហកម្មផ្សេងៗ។

ក្នុងអំឡុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំក្នុងសប្តាហ៍នេះ លោក Elon Musk បានចែករំលែកផែនការរបស់គាត់សម្រាប់មនុស្សយន្ត Tesla Optimus។ លោក Musk បាននិយាយថា គាត់ជឿថាមនុស្សគ្រប់រូបនៅលើពិភពលោកនឹងចង់បានវាមួយគ្រឿង ហើយគាត់រំពឹងថា មនុស្សយន្តទាំងនេះនឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ រួមទាំងនៅក្នុងផ្នែកឧស្សាហកម្ម ដើម្បីបង្កើតផលិតផលផងដែរ។

Tesla មានគោលបំណងផលិតមនុស្សយន្ត Optimus ប្រហែលមួយពាន់លានគ្រឿងក្នុងមួយឆ្នាំ ដោយសង្ឃឹមថា នឹងចាប់យកទីផ្សារយ៉ាងហោចណាស់ ១០ភាគរយ។ លោក Musk បានបង្ហើបថា មនុស្សយន្តនេះ មានតម្លៃប្រហែល ១០,០០០ដុល្លារក្នុងមួយគ្រឿង។ លោកបន្តថា ប្រសិនបើលក់ក្នុងតម្លៃ ២០,០០០ដុល្លារវិញ នោះ Tesla នឹងអាចរកប្រាក់ចំណេញបានមួយពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

លោក Musk បន្ថែមថា ខ្ញុំគិតថា យើងអាចផលិតមនុស្សយន្តបានមួយគ្រឿងក្នុងតម្លៃប្រហែល ១០,០០០ដុល្លារ។ វាតូចជាង ហើយនឹងមានតម្លៃថោកជាងរថយន្តមួយគ្រឿង។ ប្រសិនបើយើងលក់វាក្នុងតម្លៃ ២០,០០០ដុល្លារក្នុងបរិមាណដ៏ធំនោះ Tesla នឹងរកបានចំណូលប្រហែលមួយពាន់ពាន់លានដុល្លារ ជាប្រាក់ចំណេញក្នុងមួយឆ្នាំៗ។

លោក Musk បានរំពឹងថា មនុស្សជាច្រើនលើពិភពលោក យ៉ាងហោចណាស់មនុស្សម្នាក់ ក្នុងចំណោមពីរនាក់មនឹងទិញមនុស្សយន្ត Optimus យកទៅប្រើប្រាស់។ លោក Musk ក៏បានប៉ាន់ស្មានដែរថា អាចនឹងមានមនុស្សយន្ត Optimus ចន្លោះពី ១០ ទៅ ៣០ពាន់លានគ្រឿងនៅទូទាំងពិភពលោក៕ ប្រភព÷ BT ប្រែសម្រួលដោយ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner