កំពង់ស្ពឺ៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»

កំពង់ស្ពឺ:នៅវិទ្យាស្ថានពហុបច្ចេកទេស ស្ថិតក្នុងភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រារព្ធទិវាជីវិតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។ ក្រោមការចូលរួមរបស់លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងវិជ្ជាជីវៈ លោកអភិបាលខេត្តកំពង់ស្ពឺ ។

ថ្លែងទៅកាន់អ្នកចូលរួមជាងបីពាន់នាក់ លោក ចឹក បូរិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និង ធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ អំពីសារៈសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវ៉េត (TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។

លោកប្រធានមន្ទីរ បានបន្តទៀតថា រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធី«ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស» ចំនួនប្រមាណ១,៥លាននាក់ ដែលមានចក្ខុវិស័យច្បាស់លាស់និងមុតស្រួចក្នុង «ការផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ដល់យុវជនមកពីគ្រួសារ ក្រីក្រនិងគ្រួសារងាយរងហានិភ័យ ។

លោកបន្តថា ចំពោះមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងអនុវត្ត ដោយកំណត់យកវិស័យអាទិភាពចំនួន១០វិស័យ ស្មើនឹង៣៨មុខជំនាញ ក្នុងជំហានទី១ ត្រូវអនុវត្តដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញដូនតាចំនួន១០មុខជំនាញ ត្រូវអនុវត្តដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕
ដោយៈ ម៉ុន សំអាត

ads banner