១២ខែទៀត រាជធានីភ្នំពេញ នឹងមានស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២

ភ្នំពេញ៖ ស្ពានអាកាសភ្លោះតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ម្ចាស់គម្រោង គឺរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១២ខែ ។

នេះបើយោងតាមរបាយការណ៍ របស់ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងពិធីក្រុងពាលីបើកការដា្ឋន សាងសង់ស្ពានអាកាសភ្លោះតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ដោយមាការចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នារសៀលថ្ងៃទី១៦ មិថុនា ។

សូមបញ្ជាក់ថា ពិធីបើកការដា្ឋន សាងសង់ស្ពានអាកាសភ្លោះតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ នេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និង លោកជំទាវ រាជធានីភ្នំពេញ, ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ថ្ងៃចន្ទ ទី១៧ ខែ មិថុនា ឆ្នាំ២០២៤នេះ ។

លោក សាំ ពិសិដ្ឋ បានឱ្យដឹងទៀតថា គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ បណ្ដោយតួស្ពាន ២៨១ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែនប្រវែង ១៨០ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ ។

ស្ពានទី១ គឺ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ស្ពានទី២ គឺ ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន។ ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន កម្ពស់សុវត្ថិភាព ៥.៥០ម៉ែត្រ ( ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ២ )៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner