សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វផ្លូវ ៦០ម៉ែត្រ និងផ្លូវជាតិលេខ២ ឆ្លើយតបទៅនឹងកំណើនប្រជាជននៅតំបន់នេះ នាពេលអនាគត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាការគិតគូឱ្យបានមុន ទើបយើងសាងសង់ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលនេះឡើង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍កាន់តែមមាញឹក និងកំណើនប្រជាជនក្នុងតំបន់នេះ នៅពេលព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ខាងមុខ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចបានបញ្ជាក់ថា ការស្ថាបនា ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រ សព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាការគិតគូរទុកជាមុនរបស់រាជរដ្ឋាភិបាលដែលទៅថ្ងៃអនាគត តំបន់នេះ នឹងមានកំណើនប្រជាជនកាន់តែច្រើន ។

គម្រោងសាងសង់ស្ពានអាកាសនេះ នឹងត្រូវសាងសង់ស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ ផ្លូវ ជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងស្ពានទី២ មានទិសដៅពី អាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះតាមបណ្ដោយមហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។ ក្នុងនោះស្ពាននីមួយៗ មានទទឹងតួស្ពានទំហំ ៩,៥ម៉ែត្រ បណ្តោយតួស្ពានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៦១ម៉ែត្រ សរុបបណ្ដោយស្ពានមានប្រវែង ៦២២ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន ៣គន្លង (ទំហំ ៣,២៥ ម៉ែត្រ + ៣,២៥ ម៉ែត្រ + ២ ម៉ែត្រ) សម្រាប់ចរាចរឯកទិស។ ក្រៅពីសំណង់តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានហើយនោះ គម្រោងស្ពានអាកាស ភ្លោះនេះ ក៏នៅមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ក្នុង គម្រោង រួមមាន៖ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការដាក់ស្លាក សញ្ញា ចរាចរ, ការលាបគំនូសចរាចរ,ការរៀបចំបណ្តាញលូអមសងខាងផ្លូវ, ការកែសម្រួលចិញ្ចើមផ្លូវក្នុងតំបន់ការដ្ឋាន ការដាំដើមឈើ ដើមផ្កាលម្អ និង ការរៀបចំរចនាជាសួនច្បារបៃតង មានគម្លាត ៩ម៉ែត្រ រវាង ប្រឡោះ ស្ពានទី១ និងស្ពានទី២បន្ថែមទៀត។

សូមរំលឹកដែរថា ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ថា ផ្អែកតាមផែនការ និងទំហំការងារដែលសម្រេចបានត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ គ្រោងនឹងបើកឲ្យដំណើរការ នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ ។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ សម្រេចបានប្រមាណ ៦៦.១% និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០ លានដុល្លារអាមេរិក ។

ព្រលានយន្តហោះខ្នាតអន្តរជាតិភ្នំពេញថ្មីនេះ បាននិងកំពុងពង្រីកការតភ្ជាប់ផ្លូវអាកាសកម្ពុជា ទៅកាន់ពិភពលោកកាន់តែឆ្ងាយថែមទៀត ពិសេសព្រលាននេះ មានសមត្ថភាពទទួលអ្នកដំណើរដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ចំនួន ១៣លាននាក់ក្នុងមួយឆ្នាំ, បាន ៣០លាននាក់ នៅឆ្នាំ២០៣០ និងទទួលអ្នកដំណើរបាន ៥០លាននាក់នៅ ឆ្នាំ២០៥០ខាងមុខ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner