លោក ពូទីន ហៅកិច្ចព្រមព្រៀង G7 និង អ៊ុយក្រែន ជា “អំពើចោរកម្ម”

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីមលោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសកិច្ចព្រមព្រៀងមួយរបស់បណ្តាប្រទេសលោកខាងលិច ក្នុងការផ្តល់កញ្ចប់ប្រាក់កម្ចីដល់អ៊ុយក្រែន ដោយប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលបានបង្កក ហើយបានសន្យាថា នឹងសងសឹកវិញ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយ កាលពីពេលថ្មីៗនេះ ជាមួយមន្ត្រីមកពីក្រសួងការបរទេសរុស្ស៊ី លោក ពូទីន បាននិយាយថា មេដឹកនាំលោកខាងលិចកំពុងព្យាយាមបង្កើតមូលដ្ឋានច្បាប់មួយចំនួន សម្រាប់ការបង្កកទ្រព្យសម្បត្តិរុស្ស៊ី។ លោកបន្ថែមថា ទង្វើនេះប្រៀបដូចជាអំពើចោរកម្ម ហើយរឿងនេះនឹងទទួលការដាក់ទោសវិញ។

ការអត្ថាធិប្បាយបែបនេះរបស់លោក ពូទីន កើតឡើងបន្ទាប់ពីសមាជិកក្រុមប្រទេស G7 បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដោយប្រើប្រាស់ទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី ដែលត្រូវបានបង្កក បន្ទាប់ពីលោក ពូទីន បានបញ្ជូនកងទ័ពរបស់គាត់ចូលទៅក្នុងប្រទេសជិតខាងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

បន្ទាប់ពីការប្រកាសនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ នៃក្រុមប្រទេស G7 នៅក្នុងប្រទេសអ៊ីតាលី ប្រធានាធិបតីអាមេរិក លោក ចូរ បៃដិន បាននិយាយថា កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលដ៏សំខាន់ និងជាការរំលឹកមួយផ្សេងទៀត ចំពោះលោក ពូទីន ថា យើងមិនបោះបង់ការគាំទ្រអ៊ុយក្រែនទេ។

ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង គ្រោងនឹងបញ្ចប់នៅក្នុងសប្តាហ៍ខាងមុខនេះ ហើយប្រាក់ត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅដល់អ៊ុយក្រែននៅចុងឆ្នាំ ២០២៤។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានច្រានចោលកិច្ចព្រមព្រៀងនេះ ដោយនិយាយថា វាគ្រាន់តែជាក្រដាសសប៉ុណ្ណោះ៕ ប្រភព: Aljazeera ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner