រដ្ឋបាល និងមន្ទីរការងារខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យយុវជនមកទទួលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

បន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្ត ក៏ដូចជាមន្រ្តី​នៃមន្ទីរ​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានជំរុញផង និងអំពាវនាវផងដល់យុវជនដែលស្ថិតក្នុងគោល​ដៅបណ្ដុះបណ្ដាលបច្ចេកទេសជំនាញវិជ្ជាជីវៈ ឱ្យមកទទួល​ការបណ្ដុះបណ្ដាលជំនាញដើម្បីមានមុខជំនាញ​ច្បាស់​លាស់​សម្រាប់ទៅប្រកបរបរចិញ្ចឹមជីវិត។

ក្នុងទិវាជាតិបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៧ ឆ្នាំ២០២៤ដែលបានប្រារព្ធនៅវិទ្យាស្ថានពហុបច្ចេកទេសក្រុង​សិរីសោភ័ណ​ កាលពីចុងសប្ដាហ៍កន្លងទៅនេះលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានរំលេចថា ក្រោមប្រធាន​បទ​ “រៀនឱ្យចប់ឱ្យចេះ ឱ្យមានការងារ” ក្នុង​គោលបំណងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទៅ​ដល់យុវជន ពិសេសយុវជន​ក្រីក្រនិងងាយរងហានិភ័យ​ទទួល​បានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬមុខជំនាញ​ណាមួយច្បាស់លាស់ពិតប្រាក។មានជំនាញគឺ​អាចជួយ​យុវជន​ទាំងនោះឱ្យងាយស្រួលរកការងារធ្វើ។

បន្ថែមទៅលើលោកអភិបាលរងខេត្តលើកឡើង លោកស្រី សំរិទ្ធ សូជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយ​មានជ័យ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល ជំរុញ លើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន ដែលជា​កូនចៅ​របស់​ខ្លួនមក​ទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិង​វិជ្ជាជីវៈ នៅសាលាពហុបច្ចេកទេសខេត្ត ព្រោះជាការ​វិនិយោគរយៈពេលខ្លី ឆាប់ចប់ ឆាប់ទទួលបានផល និងមាន​ជំនាញមួយច្បាស់លាស់។លោកស្រីបន្តថា ការបណ្តុះបណ្តាល​មានដូចជា ជំនាញកសិកម្ម ,ផ្នែកមេកា​និក និងយន្តសាស្ត្រ​រថយន្ត ,ជំនាញព័ត៌មានវិទ្យា ,ធុរកិច្ចទេសចរណ៍ និងភាសា​បរទេស ,សំណង់ស៊ីវិល និងស្ថាបត្យកម្ម និង ជំនាញអគ្គិសនី និងអេឡិចត្រូនិក ជាដើម៕

ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner