ឡានហោះរបស់ Xpeng ហោះហើរលើកដំបូងនៅទីក្រុងប៉េកាំង
ប៉េកាំង៖ ឡានហោះ X2 ផលិតដោយក្រុមហ៊ុន AeroHT ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន Xpeng បានហោះហើរលើកដំបូងចេញពីអាកាសយានដ្ឋានអន្តរជាតិក្រុងប៉េកាំង Daxing កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមហ៊ុននេះខិតទៅជិតការធ្វើពាណិជ្ជកម្មឡានហោះរបស់ខ្លួន។
ក្រុមហ៊ុន AeroHT ដែលគ្រប់គ្រងដោយសហស្ថាបនិក និងជានាយកប្រតិបត្តិ Xpeng លោក He Xiaopeng បាននិយាយកាលពីខែមេសាថា ខ្លួនបានចាប់ផ្តើមសម្រាប់ការធ្វើពាណិជ្ជកម្មឡានហោះរបស់ខ្លួន ហើយគ្រោងនឹងបើកឱ្យបញ្ជាទិញចាប់ពីត្រីមាសទី៤ ឆ្នាំ ២០២៤នេះ។ ប៉ុន្តែក្រុមហ៊ុនមិនបានបង្ហើបឱ្យដឹងពីតម្លៃនោះទេ។
ប្រទេសចិនបានហៅអាជីវកម្មឡានហោះ និងយន្តហោះគ្មានមនុស្សបើក ក្រោមរយៈកម្ពស់ ៣,០០០ម៉ែត្រថា សេដ្ឋកិច្ចរយៈកម្ពស់ទាប ហើយវាកំពុងរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០២១ បន្ទាប់ពីរដ្ឋាភិបាលកណ្តាលបានដាក់ចេញនូវគោលនយោបាយ និងបទប្បញ្ញត្តិ ដើម្បីជំរុញវិស័យនេះ។
ឡានហោះ និងយន្តហោះដ្រូនពាណិជ្ជកម្ម នឹងគ្របដណ្តប់លើសេណារីយ៉ូមួយចំនួន ដូចជាការសង្គ្រោះបន្ទាន់, ការដឹកជញ្ជូន និងការចែកចាយ, ទេសចរណ៍វប្បធម៌ និងការធ្វើដំណើរតាមផ្លូវអាកាសជាដើម។
ទីផ្សារសេដ្ឋកិច្ចរយ:កម្ពស់ទាបរបស់ប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងលើសពី ១៣៨ពាន់លានដុល្លារនៅឆ្នាំ ២០២៦ ពោលគឺកើនឡើងពី ៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ឧស្សាហកម្មព័ត៌មានចិន៕ ប្រភព÷ SCMP ប្រែសម្រួលដោយ÷ ឈឹម ទីណា