ឯកឧត្តមបណ្ឌិត ម៉ឹង មករា ៖ ការកសាងមូលធនមនុស្ស ទាមទារឲ្យមនុស្សទាំងអស់មានសុខភាពល្អជាចំបង
ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានគូសបញ្ជាក់ថា ការកសាងមូលធនមនុស្ស ទាមទារឲ្យមនុស្សទាំងអស់មានសុខភាពល្អជាចំបង ។ ដូច្នេះការថែទាំសុខភាព ជាមូលដ្ឋានគ្រឹះសំខាន់បំផុតក្នុងការសម្រេចបាននូវគោលបំណងទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសដើម្បីចូលរួមជំរុញការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាព និងចីរភាព ។
នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងឱកាសសំណេះសំណាល និងពិនិត្យព្យាបាលជម្ងឺ ជូនមន្ត្រីរដ្ឋបាលស្រុកមេមត់ ចំនួនជាង ៨០០នាក់ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានបញ្ជាក់ទៀតថា ការពិនិត្យសុខភាព និងព្យាបាលជម្ងឺ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលស្រុកមេមត់ទាំងអស់នាថ្ងៃនេះ ជាកម្មវិធីដែលមានសារៈសំខាន់បំផុតក្នុងការទ្រទ្រង់សុខមាលភាពរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ៗរូប ឱ្យយល់ដឹងអំពីការថែទាំសុខភាព ដែលនាំមកនូវសុខភាពល្អ ដើម្បីធានាឲ្យបាននូវ ការបង្កើនផលិតភាពការងារ កាត់បន្ថយការចំណាយលើការថែទាំសុខភាព បង្កើនសុខុមាលភាពផ្លូវចិត្ត និងលើកកម្ពស់ការចូលរួមក្នុងការងារសង្គមសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត បានបន្តថ្លែងថា បេសកកម្មចម្បងរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកមេមត់ គឺការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយនិងអនុវត្តនូវគោលនយោបាយសំខាន់ៗនៃកម្មវិធីនយោបាយ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដែលជាកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ការកសាង និងការពារជាតិមាតុភូមិកម្ពុជា ។
ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដើម្បីធានាឲ្យបាននូវ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនប្រជាជាតិ និងមាតុភូមិកម្ពុជា ៕
ដោយ / គ្រី សម្បត្តិ