កម្ពុជា-កូរ៉េ សហការគ្នាគ្រប់គ្រងកាកសំណល់
ភ្នំពេញ៖ ចំនួនកាកសំណល់ត្រូវបានកើនឡើងជាលំដាប់អាស្រ័យដង់ស៊ីតេប្រជាជន នៅតាមបណ្តាក្រុងនានា នៃប្រទេសកម្ពុជា។ កាកសំណល់បានចែកជា រឹង រាវ និងឧស្ម័ន ដែលអាចជាបញ្ហាប្រឈមរបស់សហគមន៍រស់នៅ នៃមនុស្ស។
ភាពប្រាកដប្រាជាក្នុងការគ្រប់គ្រងកាកសំណល់ និងការពង្រឹងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យម និងរោងចក្រធំៗ លើការគ្រប់គ្រងកាកសំណល់ គឺជាប្រធានបទដែលត្រូវបានពិភាក្សាគ្នាក្នុងសិក្ខាសាលា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សណ្ឋាគារ Hyatt Regency Phnom Penh ក្រោមការរៀបចំនិងសហការរវាង Korean Development Institute (KDI) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោយគម្រោង Knowledge Sharing Program (KSP) 2023-2024។
ទម្លាប់បោះចោលសំរាមពាសវាលពាសកាលរបស់ពលរដ្ឋខ្មែរមួយចំនួន យ៉ាងអនាធិបតេយ្យ នៅគ្រប់ទីកន្លែង រាប់តាំងពីនៅមុខផ្ទះ តាមចិញ្ចើមផ្លូវ និងនៅតាមទីសាធារណៈនានា អាចថាមិនមែនជារឿងប្លែក។ មិនប្លែងត្រង់ថា ម្ចាស់រថយន្តប្រណីតខ្លះ អ្នកធ្វើដំណើរតាមរថយន្តឈ្នួល មួយចំនួនតូចបោះចេញពីកញ្ចក់រយន្តក៏មាន ជាហេតុធ្វើអោយប៉ះពាល់ដល់អ្នកដំណើរនៅលើដងផ្លូវដូចគ្នា។
បើតាមលោក Mr. Namsoo BAEK, អតីតអនុប្រធាននៃក្រុមផែនការ និងសម្របសម្រួល ធនាគារនាំចេញ-នាំចូលនៃប្រទេសកូរ៉េ លោកបញ្ជាក់ថា ក្រុមការងារលោកបានផ្សព្វផ្សាយនូវសមិទ្ធផលដែលជាជំនាញការរបស់កូរ៉េ បានសិក្សាវិភាគយ៉ាងល្អិតល្អន់រយះពេល១២ខែកន្លង តាមរយៈការចុះសិក្សាស៊ីជម្រៅតាមបណ្តាររោងចក្រ និងក្រុមហ៊ុនប្រមូលសំរាមមួយចំនួននៅទីក្រុងភ្នំពេញ និងក្រុងព្រះស៊ីហនុ កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ បានរបាយការណ៍ចុងក្រោយរបស់គម្រោង ដែលជាមគ្គុទ្ទេសក៍ (ទិដៅ) ក្នុងការធ្វើអោយប្រសើរឡើងនៅការគ្រប់គ្រងកាកសំណល់រោងចក្រនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា កាកសំណល់ហាក់ដូចជារឿងតូចតាច ប៉ុន្តែការពិភាក្សា គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង និងការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ រាប់ទាំង ពលរដ្ឋធម្មតា និងអាជ្ញាធរ។ កាកសំណល់បើយើងគ្រប់គ្រងមិនបានល្អទេនោះវានឹង ប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភ័ណភាពរបស់ប្រទេស ព្រម វិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិផងដែរ។
ពលរដ្ឋម្នាក់ៗមានតួនាទីរួមចំណែក ផ្ដើមពីការលះបង់ទម្លាប់ចាស់ ឈប់បោះចោលសំរាមតាមការនឹកឃើញ ហើយបង្កើតគំនិតថ្មី។ គនិតថ្មីគឺការចេះទុកដាក់កាកសំណល់បានត្រឹមត្រូវ រឺកែច្នៃកន្លែងដាក់អោយមានសោភ័ណ្ឌភាព និងចៀសវាងការបោះចោលសំរាមពាសវាលពាសកាល។ ពលរដ្ឋខ្មែរទាំងអស់គ្នា គួរចាប់ផ្តើមគិតគូរ កែច្នៃ និងអនុវត្តរឿងតូចតាចមួយនេះ បង្កើតគំនិតថ្មី ទម្លាប់ល្អ ដើម្បីសង្គមជាតិ។ បើយើងអាចអនុវត្តបានទាំងអស់គ្នា យើងនឹងអាចលើកកំពស់បរិស្ថាន ហើយអាចរួមចំណែកកសាងសោភ័ណភាពទីក្រុង និងទេសចរណ៍បានល្អប្រសើរ៕ (អត្ថបទ៖វណ្ណា)